2026-03-23 11:27
14

ឱសាទវាទ ៤៨ម៉ោង របស់ លោក ត្រាំ លែងមានទម្ងន់ទៀតហើយសម្រាប់អ៊ីរ៉ង់! មិនត្រឹមតែមិនខ្លាចសំឡេងសម្លុតរបស់អាមេរិកនោះទេ អ៊ីរ៉ង់ថែមទាំងតម្លើងសំឡេងគម្រាមបក លោក ត្រាំ វិញថា បើមិនចង់ឲ្យមជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងភាពងងឹតទេ កុំប៉ះរោងចក្រថាមពលអ៊ីរ៉ង់សូម្បីតែបន្តិចឲ្យសោះ។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយនៅថ្ងៃទី២៣ មីនានេះថា ប្រសិនរោងចក្រថាមពលអ៊ីរ៉ង់ត្រូវបានវាយប្រហារភ្លាមៗ នោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកន្លែងថាមពលនៅមជ្ឈិមបូព៌ាទាំងអស់ នឹងក្លាយទៅជាគោលដៅស្របច្បាប់របស់អ៊ីរ៉ង់ជាក់ជាពុំខាន។

ការគម្រាមបកវិញនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតី Donald Trump បានផ្ដល់ឱសានវាទ ៤៨ម៉ោង ព្រមានថា សហរដ្ឋអាមេរិកនឹងបើកការវាយប្រហារដ៏ធំបំផុតដើម្បីបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz និងបញ្ឈប់ការគំរាមកំហែងដល់នាវានានាដែលឆ្លងកាត់ច្រកសមុទ្រនោះ។ 

មិនញញើតនឹងឱសាទវាទរបស់ លោក ត្រាំ សូម្បីតែបន្តិច អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្តាលរបស់យោធាអ៊ីរ៉ង់ លោក Khatam al-Anbiya បានស្រែកខ្លាំងៗគម្រាមវិញថា ដរាបណាសត្រូវនៅតែចង់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈ និងថាមពលរបស់អ៊ីរ៉ង់ នោះរោងចក្រថាមពលរបស់សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកន្លែងបច្ចេកវិទ្យាព័ត៌មាន និងរោងចក្រចម្រោះទឹកសមុទ្រនឹងត្រូវកំណត់គោលដៅដោយគ្មានករណីលើកលែង។ 

លើសពីនេះ សូម្បីតែអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានចេញមកសង្កត់ធ្ងន់បន្ថែមដែរថា ទីក្រុងតេអេរ៉ង់នឹង "បិទច្រកសមុទ្រ Hormuz ទាំងស្រុង រហូតដល់កន្លែងដែលត្រូវបានបំផ្លាញត្រូវបានសាងសង់ឡើងវិញ" ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយប្រហាររោងចក្រថាមពលរបស់ពួកគេ។

នេះមានន័យថា បើអាមេរិកនៅតែបន្តសម្រុកចូល ហើយអ៊ីរ៉ង់នៅតែមិនព្រមដកថយ នោះវិបត្តិថាមពលសកលនឹងត្រូវការរយៈពេលប៉ុន្មានឆ្នាំទៀត ទើបអាចមានចរន្តដូចដើមវិញ?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា