តាកែវ៖ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា កំពុងដឹកនាំក្រុមមន្ត្រីជំនាញចុះស្រាវជ្រាវ និងធ្វើកំណាយបុ រាណវិទ្យា នៅតំបន់ប្រាសាទបាយ៉ង់ ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីសិក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ។
តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា គម្រោងស្រាវជ្រាវនេះមានគោលបំណងសំខាន់ ចំនួន ៤ រួមមាន៖
• ស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចុះបញ្ជីបុរាណដ្ឋាន ដូចជា ប្រាសាទ ទួលបុរាណ ឡបុរាណ ផ្លូវបុរាណ កំពែងក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ។
• កសាងផែនទី និងថតរូបបែប 3D សម្រាប់ប្រាសាទ និងតំបន់ពាក់ព័ន្ធ។
• ធ្វើកំណាយស្រាវជ្រាវនៅតំបន់សំខាន់ៗ ដូចជា កំពែង និងទីតាំងមានសារៈសំខាន់ផ្សេងៗ។
• កំណត់អាយុកាលនៃបុរាណដ្ឋាន ដោយផ្អែកលើភស្តុតាងដែលបានរកឃើញពីការសិក្សា។
ការស្រាវជ្រាវនេះ ក៏មានកិច្ចសហការជាមួយស្ថាប័នជាតិជាច្រើន រួមមាន វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
គម្រោងនេះ ត្រូវបានគាំទ្រថវិកាទាំងស្រុងដោយ លោក សុខ សូកាន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់។
មន្ត្រីជំនាញរំពឹងថា លទ្ធផលនៃការស្រាវជ្រាវ និងកំណាយនេះ នឹងរួមចំណែកសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត៕




