2026-03-23 13:05
22

ស្ទឹងត្រែង៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះថា ករណីមានសេចក្តីរាយការណ៍ជារូបភាពពីសហគមន៍នៅស្រុកសៀមប៉ាង ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរ៉ែអនាធិបតេយ្យ ត្រូវបានអាជ្ញាធរជំនាញចាត់វិធានការតាមនីតិវិធី និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចមកហើយ។

តាមការបញ្ជាក់របស់មន្ទីរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ការិយាល័យឧទ្យានជាតិ បានចុះបង្ក្រាបករណីមួយ ពាក់ព័ន្ធនឹងការយកថ្ម គ្រួស ខ្សាច់ រ៉ែមាស ឬការគាស់ ឈូសឆាយ និងកាយយកដីដោយគ្មានការអនុញ្ញាត នៅចំណុចភ្នំតូច ស្ថិតក្នុងឧទ្យានជាតិ វ៊ើនសៃ-សៀមប៉ាង ក្នុងភូមិគីរីបាសក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងរួចរាល់ ក្រោមលេខសំណុំរឿង ០០៤/២៦ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

មន្ទីរបរិស្ថានបានបន្តអំពាវនាវឱ្យសាធារណជន និងសហគមន៍បន្តចូលរួមរាយការណ៍អំពីសកម្មភាពខុសច្បាប់ ដើម្បីអាចអនុវត្តវិធានការបង្ក្រាបបានទាន់ពេលវេលា និងការពារធនធានធម្មជាតិឱ្យបានប្រសើរឡើង៕