2026-03-23 13:49
12

យោងតាមការចុះផ្សាយពីប្រភពបរទេសជំងឺរលាកប្លោកនោមមិនត្រឹមតែបង្ក​ការឈឺចាប់និងរំខានដល់ការងារប៉ុណ្ណោះទេប៉ុន្តែវាអាចក្លាយជាបញ្ហារ៉ាំរ៉ៃប្រសិនបើមិនយកចិត្តទុកដាក់។ 
ដើម្បីការពារប្រព័ន្ធផ្លូវនោមឱ្យមានសុខភាពល្អនិងមានទំនុកចិត្តជានិច្ចអ្នកគួរអនុវត្តទម្លាប់សាមញ្ញៗចំនួន៦យ៉ាងដូចខាងក្រោម៖ការផឹកទឹកស្អាតឱ្យបាន១.៥ទៅ២លីត្រក្នុងមួយថ្ងៃគឺជាជំហានដំបូងដ៏សំខាន់ដើម្បីជួយលាងជម្រះបាក់តេរីចេញពីផ្លូវនោមតាមបែបធម្មជាតិ​។ 

ទន្ទឹមនឹងនេះអ្នកត្រូវបោះបង់ទម្លាប់“ទប់នោម”ជាដាច់ខាតទោះបីជារវល់​ការងារយ៉ាងណាក៏ដោយព្រោះការទុកទឹកនោមយូរគឺជាឱកាសឱ្យមេរោគលូតលាស់យ៉ាងលឿនក្នុងប្លោកនោម។ការយកចិត្តទុកដាក់លើអនាម័យក៏ជាចំណុច​គន្លឹះដោយត្រូវសម្អាតក្រោយពេលបន្ទោរបង់ពី“មុខទៅក្រោយ”ជានិច្ចដើម្បី​បង្ការការចម្លងមេរោគពីបរិវេណរន្ធគូទចូលទៅក្នុងបំពង់នោម។ 

បន្ថែមពីនេះការជ្រើសរើសសម្លៀកបំពាក់ក្នុងដែលធ្វើពីក្រណាត់កប្បាសនឹង​ជួយកាត់បន្ថយភាពផ្អាប់សើមដែលជាជម្រកមេរោគ។ជាមួយគ្នានេះការទទួលទានភេសជ្ជៈដូចជាទឹកផ្លែឈើក្រែនបឺរីក៏ជាជំនួយការដ៏ឆ្លាតវៃក្នុងការទប់ស្កាត់បាក់តេរីមិនឱ្យតោងជាប់ជញ្ជាំងប្លោកនោម។ 

ចំណុចចុងក្រោយដែលសុភាពនារីមិនគួររំលងគឺការបត់ជើងតូចនិងសម្អាតខ្លួនភ្លាមៗក្រោយពេលមានសកម្មភាពផ្លូវភេទដើម្បីបញ្ចេញមេរោគដែលប្រមូលផ្ដុំនៅមាត់បំពង់នោមចេញពីរាងកាយ។ការអនុវត្តទម្លាប់ទាំងនេះនឹងក្លាយជាខែលការពារដ៏រឹងមាំជួយឱ្យអ្នកចៀសផុតពីបញ្ហារលាកប្លោកនោមជារៀងរហូត៕