2026-03-26 11:41
26

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលបានលើកឡើងស្នើឱ្យលុបអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ 

តាមការបញ្ជាក់របស់អ្នកនាំពាក្យ MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមច្បាប់អន្តរជាតិ និងត្រូវបានចុះបញ្ជីនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ដែលបានបង្កើតឡើងរួចហើយ។ 

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា តាមគោលការណ៍ច្បាប់អន្តរជាតិ ភាគីណាមួយមិនអាចយកច្បាប់ ឬនីតិវិធីផ្ទៃក្នុងរបស់ខ្លួនធ្វើជាមូលហេតុក្នុងការលុបចោលសន្ធិសញ្ញាអន្តរជាតិដែលបានចុះហត្ថលេខារួចបានឡើយ។ ការលើកឡើងស្នើលុប MOU ឆ្នាំ២០០០ ត្រូវបានចាត់ទុកថា ខ្វះមូលដ្ឋានច្បាប់ និងអាចបង្កផលប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដែលកំពុងដំណើរការដោយសន្តិវិធី។ 

កន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរ បានសម្រេចសមិទ្ធផលជាច្រើន រួមមាន ការស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំង ចំនួន ៧៤ កន្លែង ការជួសជុល និងថែទាំបង្គោលព្រំដែនដែលបានឯកភាពគ្នា ការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងការកសាងបណ្តាញបង្គោលប្រឹថពីវិភាគរួមកម្ពុជា-ថៃ។ 

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា កម្ពុជា នៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសតាមរយៈគណៈកម្មការ JBC ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានចប់ជាស្ថាពរ ក្នុងគោលដៅរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ 

ជារួម ការលុប MOU ឆ្នាំ២០០០ មិនត្រឹមតែផ្ទុយពីច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កឧបសគ្គដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប៉ះពាល់ដល់ការកសាងព្រំដែនដែលមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍រួមរវាងកម្ពុជា និងថៃ៕