2026-03-26 12:24
18

អង្គការឧតុនិយមពិភពលោក (WMO) បានប្រកាសអាសន្នជាផ្លូវការថា ប្រព័ន្ធអាកាសធាតុនៃភពផែនដី កំពុងស្ថិតក្នុងស្ថានភាពបាត់បង់លំនឹងយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នៃការសង្កេតកត់ត្រា។ 

របាយការណ៍ដែលបានចេញផ្សាយចំថ្ងៃទិវាឧតុនិយមពិភពលោក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានគូសបញ្ជាក់ថា កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ គឺជាមូលហេតុចម្បងដែលរុញច្រាន ភពផែនដីឱ្យហួសពីដែនកំណត់ទ្រាំទ្រ។ 

របកគំហើញ និងទិន្នន័យគន្លឹះសំខាន់ៗ៖
កំណត់ត្រាកម្ដៅ ១១ឆ្នាំ៖ ដំណាក់កាលពីឆ្នាំ ២០១៥ ដល់ ២០២៥ គឺជារយៈពេល ១១ឆ្នាំ ជាប់គ្នាដែល ក្តៅបំផុត។ ជាក់ស្តែង ឆ្នាំ២០២៥ មានសីតុណ្ហភាពខ្ពស់ជាងមធ្យមភាគមុនយុគសម័យឧស្សាហកម្ម ប្រមាណ ១,៤៣ °C។ 

អតុល្យភាពថាមពលផែនដី៖ ស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦៥ ឆ្នាំចុងក្រោយ ដោយថាមពល ព្រះអាទិត្យដែលស្រូបចូល មានទំហំលើសលប់ធៀបនឹងថាមពលដែលភាយចេញទៅវិញ។ 

មហាសមុទ្រស្រូបកម្ដៅលើសលប់៖ ជាង ៩១% នៃកម្ដៅលើសលប់របស់ផែនដី ត្រូវបានស្តុកទុកក្នុង មហាសមុទ្រ។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ អត្រាស្រូបយកកម្ដៅនេះមានទំហំ ស្មើនឹង ១៨ ដង នៃការប្រើប្រាស់ថាមពលប្រចាំឆ្នាំសរុបរបស់មនុស្សជាតិ។

ការរលាយផ្ទាំងទឹកកក៖ ទំហំផ្ទាំងទឹកកកសមុទ្រនៅតំបន់អាកទិក (Arctic) និងអង់តាក់ទិក (Antarctic) បានធ្លាក់ចុះដល់កម្រិតទាបបំផុត និងទាបបំផុតទីបីជាប្រវត្តិសាស្ត្រ ដែលកំពុងពន្លឿន ការកើនឡើងកម្ពស់នីវ៉ូទឹកសមុទ្រ។ 

ហានិភ័យសុខភាព និងសេដ្ឋកិច្ចសង្គម៖ គ្រោះមហន្តរាយអាកាសធាតុ បានបង្កការខាតបង់សេដ្ឋកិច្ច អស់រាប់ពាន់លានដុល្លារ និងប៉ះពាល់ដល់ប្រជាជនរាប់លាននាក់។

ទន្ទឹមនឹងនេះ ហានិភ័យសុខភាព កំពុងកើនឡើងយ៉ាងគំហុក ជាពិសេសការរីករាលដាលនៃជំងឺគ្រុនឈាម និង "ភាពតានតឹងដោយសារ កម្ដៅ" (Heat stress) ដែលកំពុងគំរាមកំហែងដល់កម្លាំងពលកម្ម ជាង ១,២ ពាន់លាននាក់។ 

ការអំពាវនាវជាបន្ទាន់របស់ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន ថ្លែងសារជាសញ្ញាអាសន្ននិងយ៉ាងម៉ឺងម៉ាត់ថា "ស្ថានភាពអាកាសធាតុសកល កំពុងស្ថិតក្នុងភាពអាសន្ន។ 

រាល់សូចនាករអាកាសធាតុគន្លឹះទាំងអស់កំពុង លោតសញ្ញាពណ៌ក្រហមប្រកាសអាសន្ន... ការពឹងផ្អែកយ៉ាងងប់ងល់ របស់យើង ទៅលើឥន្ធនៈហ្វូស៊ីល កំពុងធ្វើឱ្យមានអស្ថិរភាពទាំងអាកាសធាតុ និងសន្តិសុខសកល។" 

របាយការណ៍នេះ បានផ្តល់ជាអនុសាសន៍យ៉ាងទទូចផងដែរដោយឱ្យមានការធ្វើសមាហរណកម្ម ទិន្នន័យអាកាសធាតុ ចូលទៅក្នុងប្រព័ន្ធរៀបចំគោលនយោបាយ និងប្រព័ន្ធសុខាភិបាល ដើម្បីប្តូរពីការឆ្លើយតប បែបអសកម្ម ទៅជាការទប់ស្កាត់បែបសកម្ម ស្របតាមប្រធានបទ "ការសង្កេតនៅថ្ងៃនេះ ដើម្បី ការពារថ្ងៃស្អែក"៕