2026-03-26 13:32
24

កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃទី 25 ខែមីនាថា ប្រព័ន្ធការពារដែនអាកាសទំនើបរបស់ពួកគេ បានបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក F/A-18 ពីលើទីក្រុង Chabahar បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា។ អ៊ីរ៉ង់សង្កត់ធ្ងន់ថា នេះគឺជាយន្តហោះចម្បាំងទីបួនហើយរបស់អាមេរិក ដែលកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

ក្រោយការប្រកាសខាងលើ អ៊ីរ៉ង់ក៏បានបញ្ចេញភស្តុតាងដែលជាវីដេអូបាញ់ប្រហារយន្តហោះចម្បាំង F/A-18 របស់អាមេរិក ដោយក្នុងឃ្លីបវីដេអូនោះ បានបង្ហាញពីមីស៊ីលប្រឆាំងយន្តហោះមួយបានហោះសំដៅទៅរកយន្តហោះចម្បាំងមួយគ្រឿង រួចក៏បានបណ្ដាលឲ្យផ្ទុះនិងធ្លាក់ចុះមកក្រោម។ 

ទទួលបានព័ត៌មាននេះភ្លាម ទីបញ្ជាការកណ្តាល (CENTCOM) ដែលជាទីភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា បានចេញបដិសេធការប្រកាសរបស់អ៊ីរ៉ង់មួយរំពេច។ 

ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា "នេះគឺជាព័ត៌មានក្លែងក្លាយ។ ការពិត៖ គ្មានយន្តហោះចម្បាំងអាមេរិកណាមួយត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់នោះទេ" ។ ប៉ុន្តែយោងតាម OSINTWarfare ជាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានឯកទេសក្នុងការប្រមូលទិន្នន័យចារកម្មប្រភពបើកចំហបានបង្ហើបថា F/A-18 របស់អាមេរិកអាចនឹងរងការខូចខាតដោយសារគ្រាប់ផ្លោងចេញពីមីស៊ីលអ៊ីរ៉ង់។

ទោះបីជាអ៊ីរ៉ង់មានភស្តុតាងជាវីដេអូនៃការវាយប្រហារយន្តហោះខាងលើក្ដី តែអាមេរិកមិនខ្វល់ និងច្រានចោលទាំងស្រុងថា ការអះអាងរបស់អ៊ីរ៉ង់គឺក្លែងក្លាយទាំងអស់។

យន្តហោះចម្បាំង F/A-18 របស់អាមេរិក ត្រូវបានគេស្គាល់ថាវាមានសមត្ថភាពក្នុងការបំពេញបេសកកម្មជាច្រើន មិនថាវាយប្រហារក្នុងអាកាស លើដី និងសមុទ្រ។ យោងតាមកងទ័ពជើងទឹកអាមេរិក F/A-18 នីមួយៗមានតម្លៃប្រហែល ៦០-៧០ លានដុល្លារ។ 

តាមទស្សនាវដ្តី American Air & Space Forces បានរាយការណ៍កាលពីថ្ងៃទី 22 ខែមីនា ដោយប៉ាន់ប្រមាណថា យន្តហោះអាមេរិកប្រហែល 20គ្រឿងត្រូវបានខូចខាត ឬបំផ្លាញទាំងស្រុងបន្ទាប់ពីការប្រយុទ្ធគ្នាជិត 4 សប្តាហ៍ រួមទាំងយន្តហោះចម្បាំងពហុមុខងារ F-15E ចំនួន 3 គ្រឿងដែលត្រូវបានគុយវ៉ែតបាញ់ទម្លាក់ដោយការភាន់ច្រឡំ។

តាមក្រុមអ្នកសង្កេតការណ៍ជឿថា កងទ័ពអាកាសអាមេរិកនឹងប្រឈមមុខគ្រោះថ្នាក់កាន់តែខ្លាំង បន្ទាប់ពីបានធ្វើដំណើរទៅទិសខាងកើតបន្ថែមទៀត ជាពិសេសការព្យាយាមជ្រៀតចូលកាន់តែជ្រៅទៅក្នុងដែនអាកាសអ៊ីរ៉ង់។ 

ព្រោះតំបន់នេះជាកន្លែងសម្រាប់ប្រព័ន្ធការពារដែនអាកាសចល័តរបស់ទីក្រុងតេអេរ៉ង់ ដែលវាពិបាកនឹងរកឃើញនិងបំផ្លាញខ្លាំងណាស់៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា