2026-03-26 14:50
14

អ្នកនៅក្នុងសេតវិមានទាំងអស់បង្ហាញការភ្ញាក់ផ្អើលមួយរំពេច ក្រោយ លោក ត្រាំ ចេញសេចក្តីថ្លែងការណ៍ថា លោកបានទទួល "អំណោយដ៏ធំ" មួយពីអ៊ីរ៉ង់។

តាមកាសែត The Times of Israel បានរាយការណ៍កាលពីថ្ងៃទី25 ខែមីនា ដោយដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់របស់អារ៉ាប់ និងមន្ត្រីអាមេរិកថា លោកប្រធានាធិបតី Donald Trump បាននិយាយថា ថ្មីៗនេះលោកបានទទួល "អំណោយធំ" ពីប្រទេសអ៊ីរ៉ង់។ យោងតាមមន្ត្រីទាំងនេះបានបន្ថែមថា នៅពេលដែលរដ្ឋបាល Trump តាមរយៈអ្នកសម្រុះសម្រួល បានចាប់ផ្តើមផ្ញើសារទៅកាន់អ៊ីរ៉ង់ ដើម្បីរកដំណោះស្រាយលើផ្លូវការទូតជុំវិញជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន ពួកគេបានស្នើសុំឱ្យទីក្រុងតេអេរ៉ង់ បង្ហាញសញ្ញាវិជ្ជមានពាក់ព័ន្ធនឹងការបើកច្រកសមុទ្រហ័រមូស។ 

តាមមន្ត្រីជាន់ខ្ពស់អារ៉ាប់ម្នាក់បានបង្ហើបឱ្យដឹងថា ជាការឆ្លើយតប អ៊ីរ៉ង់បានយល់ព្រមអនុញ្ញាតឱ្យនាវាដឹកប្រេងមួយចំនួន ដែលមិនពាក់ព័ន្ធជាមួយអាមេរិក ឬអ៊ីស្រាអែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីជួយរក្សាស្ថិរភាពទីផ្សារពិភពលោក។ 

ក្រោយព័ត៌មាននេះបែកធ្លាយ លោក Trump បានរំលេចព័ត៌មានលម្អិតបន្ថែមអំពីការចរចាជាមួយអ៊ីរ៉ង់ដោយនិយាយថា ទីក្រុងតេអេរ៉ង់ពិតជាបាន "ផ្តល់អំណោយដ៏ធំមួយ" មកកាន់លោកពិតមែន។ ប៉ុន្តែប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ថា អំណោយនោះជាអ្វីទេ ដោយ លោក ត្រាំ គ្រាន់តែបង្ហើបថាវាទាក់ទងនឹងប្រេង រួមទាំងច្រកសមុទ្រ Hormuz។

បន្ទាប់ពី លោក ត្រាំ ចេញមកបញ្ជាក់បែបនេះ មន្ត្រីអារ៉ាប់បានទទួលស្គាល់ថា តម្លៃប្រេងពិភពលោកទំនងជាមិនមានផលប៉ះពាល់យូរអង្វែងទៀតទេ ប្រសិនជាអ៊ីរ៉ង់បានយល់ព្រមឱ្យនាវាដឹកប្រេងមួយចំនួនតូចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន។ 

តាមលោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ។ 

ប៉ុន្តែចំពោះពេលវេលាជាក់លាក់ សម្រាប់នាវាដឹកប្រេងទាំងអស់អាចនឹងឆ្លងកាត់ច្រកសមុទ្របានវិញដោយសេរីនៅពេលណានោះ គឺមិនទាន់ប្រាកដនៅឡើយទេ៕ 
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា