កាំជ្រួច Tomahawk របស់អាមេរិកដែលមានរហ័សនាមថា "អ្នកនាំសារនៃសង្រ្គាម" ជិតអស់ពីឃ្លាំងស្តុកអាវុធហើយ ក្រោយយោធាអាមេរិកបានបាញ់ដើម្បីវាយប្រហារលើគោលដៅអ៊ីរ៉ង់ជាង 850 គ្រាប់ក្នុងជម្លោះមួយខែមកនេះនៅមជ្ឈិមបូព៌ា។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី 27 ខែមីនា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីស្ថានភាពកាំជ្រួចខាងលើ។
មន្ត្រីអាមេរិកម្នាក់បានពណ៌នាឃ្លាំងផ្ទុកមីស៊ីល Tomahawk ដែលនៅសេសសល់នៅមជ្ឈិមបូព៌ាថាវា "មានកម្រិតទាបគួរឱ្យព្រួយបារម្ភណាស់" ខណៈម្នាក់ទៀតបានព្រមានថា ឃ្លាំងស្តុកមីស៊ីល Tomahawk របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់នោះ "ជិតអស់ហើយ" ដោយគ្មានការអន្តរាគមន៍អ្វីទាំងអស់។
មន្ត្រីមួយចំនួនបានបន្ថែមថា ការពឹងផ្អែកខ្លាំងលើមីស៊ីល Tomahawk ក្នុងជម្លោះជាមួយអ៊ីរ៉ង់ បាននាំឱ្យមានការពិភាក្សាជាបន្ទាន់អំពីសក្តានុពលនៃការដកមីស៊ីលចេញពីឃ្លាំងស្តុកនៅក្នុងតំបន់ផ្សេងទៀត ដូចជាឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីពន្លឿនការផលិតអាវុធនេះផងដែរ។
លោក Mark Cancian អ្នកជំនាញនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយថា "កាំជ្រួច Tomahawk ចំនួន 850 គ្រាប់ ដែលយោធាអាមេរិកប្រើដើម្បីវាយប្រហារអ៊ីរ៉ង់នេះ ស្មើនឹងមួយភាគបួននៃស្តុកសរុបរបស់ទីក្រុងវ៉ាស៊ីនតោន។
យ៉ាងនេះក្ដី លោកស្រី MacKenzie Eaglen អ្នកជំនាញនៅវិទ្យាស្ថានសហគ្រាសអាមេរិក ប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកប្រហែលជាមានកាំជ្រួចសរុបពី 4,000 ទៅ 4,500 គ្រាប់ មុនពេលជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង ដែលចែកចាយនៅតំបន់ប្រតិបត្តិការនានានៅទូទាំងពិភពលោក។
តាមឯកសាររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបង្ហាញថា កំណែចុងក្រោយរបស់ Tomahawk មានតម្លៃប្រហែល 3.6 លានដុល្លារក្នុងមួយកាំជ្រួច ហើយត្រូវចំណាយពេលរហូតដល់ 2 ឆ្នាំឯណោះដើម្បីផលិតកាំជ្រួចប្រភេទនេះបាន។
ព័ត៌មានខាងលើ ធ្វើឲ្យអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបដិសេធមិនឆ្លើយសំណួរអ្វីទាំងអស់ជុំវិញចំនួនមីស៊ីល Tomahawk ដែលត្រូវបានប្រើប្រាស់ និងស្តុកទុកនៅមជ្ឈិមបូព៌ា។
លោក Parnell គ្រាន់តែសង្កត់ធ្ងន់ថា យោធាសហរដ្ឋអាមេរិក "មានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីបំពេញបេសកកម្មគ្រប់ពេលវេលា និងទីកន្លែងដែលប្រធានាធិបតីតម្រូវឱ្យ"។
កាំជ្រួច Tomahawk ត្រូវបានគេដាក់រហ័សនាមឲ្យថាជា "អ្នកនាំសារនៃសង្រ្គាម" ព្រោះជារឿយៗវាត្រូវបានបាញ់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគូប្រជែងជាមុននៅក្នុងជម្លោះជាច្រើន។
កាំជ្រួចនេះមានរយៈចម្ងាយអតិបរមាពី 1,600 ទៅ 2,500 គីឡូម៉ែត្រ អាស្រ័យលើប្រភេទដែលផ្ទុកក្បាលគ្រាប់រំសេវផ្ទុះ ឬគ្រាប់បែកចង្កោមទម្ងន់ 450 គីឡូក្រាម។
Tomahawk ត្រូវបានបាញ់ចេញពីនាវាលើផ្ទៃទឹក ឬនាវាមុជទឹក និងត្រូវបានគេវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វា ជាពិសេសក្នុងការវាយលុកគោលដៅពីចម្ងាយដោយមិនតម្រូវឱ្យយានបាញ់បង្ហោះដើម្បីផ្លាស់ទីទៅក្នុងជួរបាញ់របស់សត្រូវទេ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





