2026-03-28 15:52
15

មិនធម្មតាទេ នេះជាលើកទីមួយហើយដែលយោធាអាមេរិកបានចេញមកបញ្ជាក់ជាលើកដំបូងអំពីការប្រើទូកគ្មានមនុស្សបើកដើម្បីជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអ៊ីរ៉ង់។

តាមសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី26 ខែមីនា ដោយដកស្រង់សម្តីលោក Tim Hawkins អ្នកនាំពាក្យនៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ថា ទូកគ្មានមនុស្សបើករបស់អាមេរិកនឹងត្រូវបានប្រើសម្រាប់បេសកកម្មល្បាត នៃការប្រឆាំងនឹងអ៊ីរ៉ង់។ 

លោក Hawkins បន្តថា "កងកម្លាំងសហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបើកនៅមជ្ឈិមបូព៌ា រួមទាំងយានជំនិះលើផ្ទៃដីដូចជា GARC ។ ឧបករណ៍នេះបានដំណើរការអស់រយៈពេលជាង 450 ម៉ោង ដោយធ្វើដំណើរសរុបចំនួន 4,075 គីឡូម៉ែត្រក្នុងអំឡុងពេលបេសកកម្មល្បាតដែនសមុទ្រដើម្បីគាំទ្រដល់ប្រតិបត្តិការភេរវកម្ម"។ 

នេះជាលើកដំបូងហើយ ដែលអាមេរិកបញ្ជាក់ពីការប្រើឧបករណ៍ប្រភេទនេះក្នុងជម្លោះនៅមជ្ឈិមបូព៌ា។ ប៉ុន្តែក៏មិនមានរបាយការណ៍ណាមួយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយយាននេះសម្រាប់បេសកកម្មវាយលុកនោះទេ ដោយគ្រាន់តែប្រើដើម្បីល្បាតប៉ុណ្ណោះ។

Global Reconnaissance Ordnance Survey Vehicle (GARC) គឺជាទូកគ្មានមនុស្សបើកដែលផលិតដោយក្រុមហ៊ុន BlackSea ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋ Maryland ។

ទូកនីមួយៗមានប្រវែងជិត 5 ម៉ែត្រ ល្បឿនអតិបរមា 40 គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបានចម្ងាយជិត 3,000 គីឡូម៉ែត្រក្នុងល្បឿនសន្សំសំចៃ 9 គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថានេះមិនមែនជារឿងថ្មីទេ បច្ចុប្បន្ន ទូកគ្មានមនុស្សបើក បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីទូកប្រភេទនេះបានជួយអ៊ុយក្រែនឱ្យសម្រេចជោគជ័យផ្នែកយោធាសំខាន់ៗនៅក្នុងសមុទ្រខ្មៅ។ 

សមត្ថភាពរបស់ទូកគ្មានមនុស្សបើកបានគំរាមកំហែងដល់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដោយបំផ្លាញនាវាចម្បាំងជាច្រើនគ្រឿង និងរឹតបន្តឹងប្រតិបត្តិការរបស់ទីក្រុងម៉ូស្គូជាច្រើនទៀត ពិសេសជួយអ៊ុយក្រែនរក្សាផ្លូវពាណិជ្ជកម្មដែនសមុទ្ររបស់ខ្លួនទៅកាន់អឺរ៉ុបយ៉ាងសុវត្ថិភាព។ 

រីឯអ៊ីរ៉ង់វិញក៏ធ្លាប់បានប្រើប្រាស់ទូកនេះយ៉ាងហោចណាស់ពីរដងដែរ ដើម្បីវាយប្រហារនាវាដឹកប្រេងនៅក្នុងឈូងសមុទ្រចាប់តាំងពីជម្លោះបានចាប់ផ្តើម៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា