ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបានជនដៃដល់ក្នុងករណីឃាតកម្ម ចាក់សម្លាប់ម្ចាស់ផ្ទះជួលម្នាក់ នៅខណ្ឌមានជ័យ បន្ទាប់ពីជនសង្ស័យព្យាយាមរត់គេចខ្លួនទៅដល់ខេត្តរតនគិរី។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំដោយថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ ៣៦ឆ្នាំ បានប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា អាយុ ៥៨ឆ្នាំ ជាម្ចាស់បន្ទប់ជួល និងជាមន្ត្រីនគរបាលចូលនិវត្តន៍ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ កម្លាំងជំនាញក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវភ្លាមៗ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលភស្តុតាង និងតាមដានជនសង្ស័យ។
រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី កម្លាំងសមត្ថកិច្ចបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុច ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បន្ទាប់ពីគេចខ្លួនពីទីកន្លែងកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ដោយសារតែខឹងជនរងគ្រោះហាមឃាត់ មិនឲ្យស្រែកឡូឡាពេក។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ករណីនេះ បង្ហាញពីសកម្មភាពរហ័សរហួន និងប្រសិទ្ធភាពរបស់កម្លាំងសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើស និងនាំខ្លួនជនល្មើសមកទទួលទោសតាមច្បាប់៕



