ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានលើកឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ថា ការអនុញ្ញាត និងសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team - AOT) ចុះសង្កេតការណ៍ដោយផ្ទាល់នៅតំបន់ព្រំដែន គឺជាការបង្ហាញយ៉ាងច្បាស់ពីជំហររបស់កម្ពុជា ក្នុងការជឿជាក់លើយន្តការតំបន់ និងការដោះស្រាយបញ្ហាតាមបែបពហុភាគី ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។
លោកបានបញ្ជាក់ថា «ការចូលរួមរបស់ក្រុម AOT មិនត្រឹមតែមានតួនាទីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការសំខាន់ក្នុងការកសាងទំនុកចិត្ត (confidence-building measure) រវាងភាគីពាក់ព័ន្ធ និងធានាថា ស្ថានភាពនៅតំបន់ព្រំដែន ត្រូវបានតាមដានដោយសហគមន៍តំបន់ ប្រកបដោយភាពអព្យាក្រឹត និងវិជ្ជាជីវៈ»។
ជាមួយគ្នានេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តាមរយៈក្រុមអ្នកសង្កេតការណ៍ AOT ក៏បានបន្តដើរតួនាទីសំខាន់ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការសហការយ៉ាងពេញលេញរបស់កម្ពុជា ជាមួយយន្តការនេះ បានឆ្លុះបញ្ចាំងពីការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជំនួសការប្រើប្រាស់កម្លាំង។
លោករដ្ឋមន្ត្រីបានបន្ថែមថា ការផ្ទេរតួនាទីដឹកនាំក្រុមអ្នកសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសហ្វីលីពីន ក៏បញ្ជាក់ពីការបន្តដំណើរការយ៉ាងរឹងមាំនៃយន្តការអាស៊ាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការរក្សាសន្តិភាពក្នុងតំបន់ផងដែរ។
មុននេះផងដែរ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៨និង ២៥នាទីព្រឹកថ្ងៃដូចគ្នា ក្រុមសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលឱ្យក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ ដើម្បីធានាឱ្យមានការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន៕




