2026-03-29 09:50
16

ពីរព្រួតមួយលើអ៊ីរ៉ង់មិនទាន់ដឹងឈ្នះចាញ់ផង ពេលនេះស្រាប់តែក្រុម Houthi ដែលសង្ងំនៅប្រទេសយេម៉ែនប្រកាសច្បាស់ៗថា ពួកគេនឹងចូលរួមគាំទ្រទីក្រុងតេអេរ៉ង់ប្រឆាំងអាមេរិក និងអ៊ីស្រាអែល។

ភ្លើងកំពុងក្ដៅ មិនត្រឹមតែគ្មានអ្នកយកទឹកមកពន្លត់ទេ ប៉ុន្តែបែរជាចាក់សាំងពីលើបន្ថែមទៅវិញ។ នៅថ្ងៃទី២៨ មីនា អ៊ីស្រាអែលបានអះអាងថា កងទ័ពខ្លួនបានរកឃើញ និងស្ទាក់ចាប់មីស៊ីលដំបូងដែលបាញ់ចេញពីប្រទេសយេម៉ែន ខណៈដែលក្រុម Houthi សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានចាប់ផ្តើមលូកដៃចូលរួមសង្រ្គាមដើម្បីត្រៀមប្រយុទ្ធជាមួយខ្លួន និងអាមេរិក។ 

នេះជាលើកទីមួយហើយ ដែលអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណចំពោះការបាញ់មីស៊ីលចេញពីប្រទេសយេម៉ែន ឆ្ពោះមកវាយប្រហារប្រទេសខ្លួនបែបនេះ ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី 28 ខែកុម្ភៈ។ 

ក្នុងនោះតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា យ៉ាងណាក៏ដោយមីស៊ីលនេះត្រូវបានស្ទាក់ចាប់ទាន់ពេល និងមិនបណ្តាលឱ្យមានអ្នកស្លាប់ឬរងការខូចខាតនោះទេ។

ប្រទេសយេម៉ែនជាជម្រករបស់ក្រុម Houthi ដែលជាកងជីវពលដ៏មានឥទ្ធិពល និងគ្រប់គ្រងទឹកដីជាច្រើន ដែលគាំទ្រដោយអ៊ីរ៉ង់។ មុនលូកដៃជួយអ៊ីរ៉ង់ ក្រុមនេះធ្លាប់បានគំរាមវាយប្រហារអ៊ីស្រាអែលរួចមកហើយ ចាប់តាំងពីការផ្ទុះសង្គ្រាមមកម្ល៉េះ ប៉ុន្តែពួកគេមិនទាន់ហ៊ានបញ្ចេញសកម្មភាពវាយប្រហារណាមួយជាសាធារណៈឡើយ ទើបតែថ្មីៗនេះប៉ុណ្ណោះដែល Houthi ហ៊ានបាញ់មីស៊ីលវាយប្រហារលើអ៊ីស្រាអែល។ ក្រុម Houthi បានប្រកាសឲ្យពិភពលោកបានដឹងថា ពួកគេបានបើកប្រតិបត្តិការយោធាលើកដំបូង ដោយបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់ សំដៅលើមូលដ្ឋានយោធាដ៏រសើបរបស់អ៊ីស្រាអែល។ 

ក្រុមនេះនិយាយទាំងមិនញញើតថា នេះជាការឆ្លើយតបដោយផ្ទាល់ចំពោះ "ការកើនឡើងផ្នែកយោធា ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងឧក្រិដ្ឋកម្មប្រឆាំងនឹងបងប្អូនរបស់យើងនៅក្នុងប្រទេសលីបង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ និងប៉ាឡេស្ទីន។ 

យោតាមព័ត៌មានខាងលើបង្ហាញថា ពេលនេះក្រុមឧទ្ទាម Houthi បានចាប់ផ្តើមចូលរួមក្នុងការប្រយុទ្ធគ្នាដែរហើយ ខណៈជម្លោះរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់មិនទាន់រកឃើញកោះត្រើយបញ្ចប់បាននៅឡើយផង។

ព្រឹត្តិការណ៍ក្ដៅៗនេះបានធ្វើឲ្យអ្នកសង្កេតការណ៍បារម្ភថា ការចូលរួមរបស់ពួក Houthi នៅក្នុងជម្លោះបច្ចុប្បន្នជាមួយអ៊ីរ៉ង់ អាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

ព្រោះយោងតាមសភាពការណ៍ជាក់ស្ដែង ក្នុងរយៈពេលមួយខែកន្លងមកនេះ អ៊ីរ៉ង់ស្ទើរតែបិទច្រកសមុទ្រ Hormuz ទាំងស្រុងទៅហើយ ដោយបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបង្វែរទៅសមុទ្រក្រហម ដើម្បីដឹកជញ្ជូនប្រេងខ្លះរបស់ពួកគេពីអារ៉ាប៊ីសាអូឌីត។ 

ដូច្នេះបើក្រុមនេះប្ដេជ្ញាជួយទីក្រុងតេអេរ៉ង់ នោះពួកគេអាចនឹងរារាំងលំហូរទំនិញដែលឆ្លងកាត់សមុទ្រក្រហម និងសរសៃឈាមសំខាន់មួយទៀតរបស់ពិភពលោកគឺច្រកសមុទ្រ Bab el-Manded ដែលបង្កើតជាឧបសគ្គថាមពលថ្មីសម្រាប់សកលលោកយ៉ាងខ្លាំងក្លាតែម្ដង៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា