2026-03-29 11:33
15

សមត្ថភាពរបស់អ៊ីរ៉ង់មិនធម្មតាទេ យន្តហោះពិសេសមួយគ្រឿងរបស់សហរដ្ឋអាមេរិក E-3 Sentry រហ័ស្សនាម “យន្តហោះភ្នែកអាកាស” កំពុងរងការខូចខាតព្រោះតែការវាយប្រហាររបស់យោអាអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន The Wall Street Journal នៅថ្ងៃទី 28 មីនា បានឲ្យដឹងថា អ៊ីរ៉ង់អាចនឹងវាយប្រហារប៉ះចំយន្តហោះពិសេសមួយរបស់អាមេរិកឈ្មោះ E-3 Sentry ក្នុងការវាយប្រហារលើមូលដ្ឋានយោធានៅប្រទេសអារ៉ាប៊ីសាអូឌីត។ 

ក្នុងការវាយប្រហារនេះអ៊ីរ៉ង់បានប្រើទាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV) ដើម្បីវាយទៅលើមូលដ្ឋានអាកាសព្រះអង្គម្ចាស់ស៊ុលតង់កាលពីប៉ុន្មានថ្ងៃមុន។ 

ក្នុងនោះ ក៏មានយន្តហោះ E-3 មួយគ្រឿងត្រូវបានប៉ះពាល់ និងរងការខូចខាតផងដែរ។

E-3 ត្រូវបានគេដាក់រហ័ស្សនាមឲ្យថា “យន្តហោះភ្នែកអាកាស” ព្រោះវាមានតួនាទីតាមដានស្ថានភាពពីលើមេឃ និងជួយព្រមានពីគ្រោះថ្នាក់មុន (ដូចជា ការវាយប្រហារដោយយន្តហោះ ឬមីស៊ីលជាដើម) ។ 

E-3 មួយគ្រឿង មានតម្លៃប្រហែល 500 លានដុល្លារ ព្រោះវាត្រូវបានអភិវឌ្ឍ និងធ្វើឲ្យទំនើបជាច្រើនដងមុននឹងបើកប្រតិបត្តិការប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ចំពោះទំហំជាក់លាក់នៃការខូចខាតរបស់យន្តហោះពិសេសនេះ មិនទាន់ត្រូវបានបង្ហាញជាផ្លូវការឱ្យដឹងនោះទេ។ 

ព្រោះតាមទីបញ្ជាការកណ្តាល ដែលជាទីភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះឡើយ។

តាម លោក John Venable ដែលជាវរសេនីយឯកកងទ័ពអាកាសអាមេរិកចូលនិវត្តន៍បានអធិប្បាយថា ឧបទ្ទវហេតុនេះនឹងក្លាយជាការបាត់បង់ដ៏ធំសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ 

លោកបាននិយាយថា "E-3 ដែលត្រូវបានដកចេញពីសេវាកម្មនឹងធ្វើឱ្យសមត្ថភាពរបស់យោធាអាមេរិកធ្លាក់ចុះក្នុងការត្រួតពិនិត្យការវិវត្តន៍ និងវាយតម្លៃស្ថានភាពនៅក្នុងឈូងសមុទ្រ"។

កងទ័ពអាកាសអាមេរិកធ្លាប់មានយន្តហោះ E-3 ជាច្រើនគ្រឿងដើម្បីត្រៀមបើកប្រតិបត្តិការ ប៉ុន្តែមកទល់បច្ចុប្បន្នយន្តហោះប្រភេទនេះនៅសល់តែ ១៦ គ្រឿងប៉ុណ្ណោះដែលអាចប្រើការបាន។ 

យ៉ាងនេះក្ដី រឿងដែលគួរឲ្យព្រួយបារម្ភនោះ មិនមែនគ្រប់យន្តហោះ E-3 ទាំងអស់របស់សហរដ្ឋអាមេរិក សទ្ធតែអាចត្រៀមបំពេញបេសកកម្មបានគ្រប់ពេលនោះទេ។ 

ព្រោះកាលពីឆ្នាំមុន តាមទស្សនាវដ្តី Air & Space Forces បានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ អត្រាយន្តហោះ E-3 របស់អាមេរិកដែលអាចដំណើរការបាន គឺមានត្រឹមតែ 55.68% ទេ នេះមានន័យថាមានតែយន្តហោះប្រហែល 8-9 គ្រឿងប៉ុណ្ណោះដែលត្រៀមហោះចេញភ្លាមៗនៅពេលមានការបញ្ជា។

យោងលើរូបភាពប្រភពបើកចំហ និងទិន្នន័យតាមដានអាកាសចរណ៍បង្ហាញថា សហរដ្ឋអាមេរិកបានដាក់ពង្រាយ E-3 ចំនួនប្រាំមួយគ្រឿង ស្មើនឹង 37.5% នៃកងនាវា Sentry សរុបនៅក្នុងកងទ័ពអាកាស ទៅកាន់មូលដ្ឋានទ័ពអាកាសព្រះអង្គម្ចាស់ស៊ុលតង់ មុនពេលជម្លោះបានផ្ទុះឡើង។ 

មូលដ្ឋានទ័ពអាកាសព្រះអង្គម្ចាស់ ស៊ុលតង់ មានទីតាំងនៅកណ្តាលអារ៉ាប៊ីសាអូឌីត គឺជាមូលដ្ឋានទ័ពដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស។ 

រូបភាពពីផ្កាយរណបដែលថតបានមុនពេលជម្លោះផ្ទុះឡើងបង្ហាញថា កងកម្លាំងអាមេរិកបានដាក់ពង្រាយនៅទីនោះ រួមទាំងយន្តហោះចាក់សាំង KC-46A និង KC-135 យ៉ាងហោចណាស់ 19 គ្រឿង រួមជាមួយនឹងយន្តហោះ E-3 Sentry ចំនួន 6 គ្រឿង និងយន្តហោះទំនាក់ទំនងសមរភូមិ E-11A ចំនួន 3 គ្រឿង៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា