ស្របពេលដែលអាមេរិកសម្រេចដកទណ្ឌកម្មពីរុស្ស៊ី ដោយអនុញ្ញាតឲ្យប្រទេសជាច្រើនទិញប្រេងពីប្រទេសនេះវិញ ដើម្បីជួយបន្ធូរបន្ថយតម្លៃប្រេងសកលនោះ ប៉ុន្តែខណៈនេះ ទីក្រុងម៉ូស្គូបែរជាកំពុងបង្ហាញឥរិយាបថរារែកចិត្ត ក្នុងការលក់ប្រេងឲ្យទៅប្រទេសដទៃទៅវិញ។
តាម V.N. Express បានចេញផ្សាយថា កាលពីថ្ងៃទី 27 ខែមីនា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានបញ្ជាឱ្យក្រសួងថាមពលរៀបចំសេចក្តីព្រាងដំណោះស្រាយហាមឃាត់ការនាំចេញប្រេងសាំងចាប់ពីថ្ងៃទី1 ខែមេសា រហូតដល់ចុងខែកក្កដា។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំស្តីពីស្ថានភាពទីផ្សារប្រេងរបស់ទីក្រុងម៉ូស្គូ។ លោក Novak បញ្ជាក់ថា ក្រោយមើលឃើញពីការវិវឌ្ឍន៍នៅក្នុងទីផ្សារថាមពលពិភពលោក ដោយសារជម្លោះនៅមជ្ឈិមបូព៌ា កំពុងបណ្តាលឱ្យប្រេងមានការប្រែប្រួលតម្លៃយ៉ាងខ្លាំង។
ដូចនេះគោលដៅនៃការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការហាមឃាត់ការនាំចេញប្រេងគឺដើម្បីរក្សាស្ថិរភាពតម្លៃ និងផ្តល់អាទិភាពដល់ការធានាការផ្គត់ផ្គង់ក្នុងស្រុក។
គួរឲ្យដឹងថា មុនរុស្ស៊ីប្រកាសផ្អាកការនាំចេញប្រេងទៅកាន់ប្រទេសផ្សេងៗទៀត ឥណ្ឌាបានឆ្លៀតចាប់យកឱកាស ដោយទិញប្រេងរុស្ស៊ីជាង៤០លានបារ៉ែលឯណោះក្នុងខែនេះ។ មិនតែប៉ុណ្ណោះ សូម្បីតែប្រទេសថៃក៏កំពុងពិចារណាជម្រើសក្នុងបញ្ជាទិញស្រដៀងគ្នានេះផងដែរ ដើម្បីផ្គត់ផ្គង់ប្រេងនៅក្នុងស្រុករបស់ខ្លួនឲ្យបានពេញលេញ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





