2026-04-08 12:00
14

នេះបានហៅថាកតញ្ញូជាមួយមនុស្សប្រុសមែន! ហេតុតែងប់ងល់នឹងស្នេហាពេក ចៅស្រីចិត្តអប្រិយ២នាក់ យកប្រុសស្នេហ៍ជាធំ ផ្សំគំនិតរៀបគម្រោងចាក់សម្លាប់យាយខ្លួនឯង ដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីយាយនិយាយអប់រំ ទូន្មានប្រៀនប្រដៅ ឲ្យខំសិក្សារៀនសូត្រ កុំឲ្យមានស្នេហាក្នុងវ័យសិក្សា។

ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះកើតឡើងនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ ៣អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ទី គង់ ភេទស្រី អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ សេង ច័ន្ទបូណ៍មី ភេទស្រី អាយុ ១៩ ឆ្នាំ (ជាចៅស្រី)។ និងម្នាក់ទៀតឈ្មោះ សេង ហេងសានីកា ភេទស្រី អាយុ ១៨ ឆ្នាំ (ជាចៅស្រី) អ្នកទាំង ២ ស្នាក់នៅផ្ទះកើតហេតុខាងលើដូចគ្នា។

ប្រភពព័ត៍មានពីនគរបាលបានឲ្យដឹងថា ក្រោយមានការរាយការណ៍ពីសាច់ញាតិគ្រួសារថាបានប្រទះឃើញមនុស្សស្លាប់ ភ្លាមៗសមត្ថកិច្ចបានរាយការណ៍ជូនមន្រ្តីជំនាញចក្ខុកោសល្យវិច័យ ចុះទៅត្រួតពិនិត្យសព។ ខណៈកំពុងត្រួតពិនិត្យបែរជារកឃើញមានស្លាកស្នាមកាំបិតពីក្រោយខ្នងទៅវិញ។ 

ទើបកម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាចៅស្រីបង្កើតស្នាក់នៅជាមួយគ្នាយកទៅសួរនាំនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមចម្លើយសារភាពពីជនសង្ស័យដែលជាចៅស្រីទាំង ២នាក់ បានរៀបរាប់ថា កាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ពួកគេបានយកកាំបិតចុងស្រួចចាក់ទៅលើលោកយាយបង្កើតខ្លួនឯងពីក្រោយខ្នងចំនួន ១កាំបិត បណ្តាលឲ្យហូរឈាមស្លាប់តែម្តង។ 

មូលហេតុដោយសារពួកគេបានគុំកួនជាមួយលោកយាយជាយូរមកហើយ ព្រោះតែយាយរបស់ពួកគេបានហាមឃាត់មិនឲ្យមានស្នេហានៅវ័យសិក្សា។

បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យទាំង២ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕