កូរ៉េខាងជើង កំពុងធ្វើសកម្មភាពគួរឲ្យសង្ស័យ ដោយបានបាញ់មីស៊ីលជាបន្តបន្ទាប់ចូលទៅក្នុងសមុទ្រនៅឆ្នេរភាគខាងកើតពីរថ្ងៃជាប់ៗគ្នា។
តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៊ីលផ្លោងដែលមិនស្គាល់ប្រភេទ ត្រូវបានកូរ៉េខាងជើងបាញ់ចេញពីតំបន់ Wonsan នៅព្រឹកថ្ងៃទី០៨ ខែមេសានេះ ដោយបាញ់ក្នុងចម្ងាយប្រមាណជា 240គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងឆ្នេរសមុទ្រភាគខាងកើត។
JCS បន្តថា ដោយមើលឃើញសភាពការណ៍មិនស្រួល យោធាកូរ៉េខាងត្បូងកំពុងរក្សាស្ថានភាពត្រៀមខ្លួនខ្ពស់ និងចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធអំពីកាំមីស៊ីលផ្លោងរបស់កូរ៉េខាងជើងជាមួយសហរដ្ឋអាមេរិក និងជប៉ុន ខណៈដែលខ្លួនក៏កំពុងបង្កើនការត្រួតពិនិត្យសម្រាប់លទ្ធភាព ដែលកូរ៉េខាងជើងអាចបាញ់មីស៊ីលបន្ថែមទៀតដែរ។
គួរឲ្យដឹងថា មុននេះបន្តិច យោធាកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានរកឃើញ មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយប្រភេទ ដែលបាញ់ចេញពីតំបន់ក្បែររដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃទី7 ខែមេសា។
តាមសេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រោយប្រទះឃើញ ភ្លាមៗទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងវិភាគលើបច្ចេកទេសជាក់លាក់នៃការផលិតមីស៊ីលនេះ។
តាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់បង្ហោះកាលពីថ្ងៃទី7 ខែមេសានោះ ស្រាប់តែបាត់ភ្លាមៗតែម្ដង បន្ទាប់ពីការបាញ់រួច ដោយវាទំនងជាការសាកល្បងបរាជ័យរបស់ លោក គីម ជុងអ៊ុន៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





