ស្វាយរៀង៖ ករណីអំពើហិង្សាក្នុងគ្រួសារដ៏សាហាវមួយ បានកើតឡើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ បានវាយប្រពន្ធរបស់ខ្លួនដោយដំបងឬស្សី បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៥៖៥៥នាទី រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្ទាប់ពីមានទំនាស់ពាក្យសម្ដីតិចតួចរវាងប្តី-ប្រពន្ធ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ផេង សារ៉ុន អាយុ ៦៣ឆ្នាំ បានប្រើដំបងឬស្សី វាយទៅលើប្រពន្ធឈ្មោះ កង សាមឿន អាយុ ៦៨ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់នៅតំបន់ក្បាល និងស្លាប់នៅកន្លែងកើតហេតុ។
ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ភ្លាមៗ ដោយឡោមព័ទ្ធទីតាំង។
នៅពេលបង្ក្រាប ជនសង្ស័យបានបង្ហាញអាកប្បកិរិយាមិនសហការ កាន់ចបជីក និងប្រើជំពាមកៅស៊ូ ព្យាយាមតដៃជាមួយសមត្ថកិច្ច ប៉ុន្តែត្រូវបានបង្ក្រាប និងឃាត់ខ្លួនបានដោយជោគជ័យ។
ការពិនិត្យកោសល្យវិច័យពីសំណាក់មន្ត្រីជំនាញ និងក្រុមគ្រូពេទ្យ បញ្ជាក់ថា ជនរងគ្រោះមានស្នាមរបួសធ្ងន់លើក្បាល បណ្តាលឱ្យផុងលលាក្បាល ដែលជាមូលហេតុនាំឱ្យស្លាប់។
វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖ ចបជីក ១, ដំបងឬស្សី ១, ជំពាមកៅស៊ូ ១, គ្រាប់ថ្មគ្រួស ៤គ្រាប់,និងគ្រាប់លុញ ២គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ខណៈសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕



