2026-04-08 12:58
15

តោះមកដឹងពីតើប្រទេសក្នុងតំបន់អាស៊ីណាខ្លះ ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់?ដើម្បីធានាសុវត្តិភាពតាមច្រកសមុទ្រ Hormuz ៖ 

ហ្វីលីពីន ជាប្រទេសនៅអាស៊ីបូព៌ា ដែលនាំចូលប្រេងឆៅប្រហែល ៩៨% ពីអាស៊ីខាងលិច បានប្រកាសអាសន្នផ្នែកថាមពលកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។ ហ្វីលីពីន ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិក បានចរចាជាមួយមន្ត្រីអ៊ីរ៉ង់ បានធានាសុវត្តិភាពនាវារបស់ខ្លួនអាចប្រើច្រកសមុទ្រហ័រមូសបានដោយ «មិនមានអរិភាព» ហើយមិនមានការបង់ថ្លៃសេវាទេ។

ប្រទេសឥណ្ឌា ត្រូវបានអ៊ីរ៉ង់ចាត់ទុក «ប្រទេសជាមិត្ត»។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar  ( អេស ជៃសានការ  )បាននិយាយថា ការឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវបានធានាដោយការទូត និងការចូលរួមដោយផ្ទាល់។ 

ទោះបីជាយ៉ាងណា លក្ខខណ្ឌពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៅតែមិនច្បាស់ ហើយអាចមានការគិតថ្លៃសម្រាប់ការឆ្លងកាត់។ ស្ថានទូតអ៊ីរ៉ង់នៅឥណ្ឌាបានធានាថា «មិត្តភក្តិឥណ្ឌារបស់យើងស្ថិតក្នុងដៃសុវត្ថិភាព កុំបារម្ភ»។ នេះបើតាម ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសឥណ្ឌាបានបង្ហោះនៅលើ X កាលពីសប្តាហ៍មុន។

ចិន ជាអតិថិជនប្រេងធំរបស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន នាវាចិនបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយរលូន ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ឡើយ មន្ត្រីចិនម្នាក់បាននិយាយថា នាវាចិនចំនួនបីគ្រឿងបានឆ្លងកាត់ដោយសុវត្ថិភាព ក្រោយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ហើយពួកគេបានអរគុណចំពោះការសម្របសម្រួលរបស់អ៊ីរ៉ង។ 

អ៊ីរ៉ង់បានយល់ព្រមឱ្យនាវាដឹកប្រេង 20 គ្រឿង មានទង់ជាតិប៉ាគីស្ថានឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ពីចុងខែមីនា និងផ្ដល់លទ្ធភាពប្រចាំថ្ងៃដោយកំណត់ឱ្យឆ្លងកាត់ រហូតពីរនាវាទៅក្នុងមួយថ្ងៃ។ 

លោក Ishaq Dar រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានសរសើរ អ៊ីរ៉ង់ថាជា "អ្នកនាំសារនៃសន្តិភាព" ក្នុងការអនុញ្ញាតឱ្យនាវាដឹកប្រេងប៉ាគីស្ថានឆ្លងកាត់ច្រក Hormuz។ របាយការណ៍ផ្សេងៗបានបញ្ជាក់ថា តម្លៃសេវា 2 លានដុល្លារសម្រាប់នាវា១គ្រឿង ត្រូវបង់ជាប្រាក់យន់ចិន។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងការដឹងគុណចំពោះការអនុញ្ញាតឱ្យនាវាម៉ាឡេស៊ីឆ្លងកាត់ Hormuz ជាមុនកាលកំណត់ ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញទេ ទោះបីជាម៉ាឡេស៊ី ត្រូវបានលើកលែងពីការបង់ថ្លៃ 2 លានដុល្លារដ៏ដោយ។

ដោយឡែកប្រទេសទួរគី ពេលនេះក៏កំពុងតែដើរតួនាទីជា «អ្នកចរចា» ផងដែរ ខណៈនាវាដឹកប្រេង Ocean Thunder របស់ទួរគី ដែលនាំប្រេងឆៅពីអ៊ីរ៉ាក់ទៅម៉ាឡេស៊ី បានឆ្លងកាត់ Hormuz ដោយសុវត្ថិភាពកាលថ្ងៃអាទិត្យនេះ។ 

ដោយឡែកជប៉ុនក៏កំពុងចរចា ដើម្បីធានាការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវារបស់ខ្លួន ខណៈកន្លងមកធ្លាប់បានធានានាវាចំនួនបីគ្រឿងរួចហើយ ចាប់តាំងពីការតានតឹងមក៕
ប្រែសម្រួលអត្ថបទដោយ៖ ឈួន ណាគ្រី