ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអង្គារថា លោកជឿថាចិនជាអ្នកនៅក្រោយខ្នងចាំបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យចូលតុចរចា បន្ទាប់ពីលោកបានប្រកាសផ្អាករយៈពេលពីរសប្តាហ៍ ក្នុងការទម្លាក់គ្រាប់បែកលើទីក្រុងតេអេរ៉ង់ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមការផ្សាយពី The Times Of Israel នៅថ្ងៃទី០៨ មេសា ឆ្នាំ២០២៦។
តាមការអះអាងពីមន្ត្រីអ៊ីរ៉ង់បីរូប កាសែត The New York Times បានបញ្ជាក់បន្ថែមថា ទីក្រុងប៉េកាំងបានលេចមុខឡើងនៅនាទីចុងក្រោយបំផុត ដោយប្រាប់អ៊ីរ៉ង់ឲ្យចេះបត់បែនតាមកាលៈទេសៈ និងកាត់បន្ថយភាពតានតឹង ក្នុងគ្រាដែលអាមេរិកហៀបនឹងទម្លាក់គ្រាប់បំផ្លាញទីក្រុងតេអេរ៉ង់ទាំងមូលចោលទៅហើយ។
ដោយហេតុថា សំឡេងមិត្តចិនមានទម្ងន់ខ្លាំង អ៊ីរ៉ង់ក៏ថយមួយជំហានបន្ទន់ឥរិយាបថវិញ ហើយព្រមចូលខ្លួនចរចាជាមួយអាមេរិក រហូតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់២សប្ដាហ៍។
ក្រុមមន្ត្រីអ៊ីរ៉ង់បានអះអាងថា បទឈប់បាញ់នេះត្រូវបានអនុម័តដោយមេដឹកនាំកំពូល លោក Mojtaba Khamenei ដែលត្រូវបានគេរាយការណ៍ថា លោកបានរបួសជើងអំឡុងពេលអាមេរិក និងអ៊ីស្រាអែល ទម្លាក់គ្រាប់បែក ខណៈបច្ចុប្បន្នមេដឹកនាំរូបនេះ នៅតែមិនបង្ហាញខ្លួនជាសាធារណៈឲ្យប្រជាជនខ្លួនបានឃើញទាល់តែសោះ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងគឺជាដៃគូជិតស្និទ្ធរបស់ទីក្រុងតេអេរ៉ង់ និងជាអ្នកទិញប្រេងដ៏ធំរបស់អ៊ីរ៉ង់ ដែលភាគច្រើនប្រេងទាំងនោះត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ។
បន្ថែមពីនេះ ចិនក៏មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងល្អូកល្អើន ជាមួយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្សផងដែរ ដូច្នេះការដែលអ៊ីរ៉ង់វាយប្រហារ និងបិទផ្លូវទឹកដ៏សំខាន់នេះ បានធ្វើឲ្យទីក្រុងប៉េកាំងខាតបង់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរដូចគ្នា៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





