2026-04-09 09:02
8

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបន្តអនុវត្តវិធានការយ៉ាងតឹងរឹង ក្នុងការបង្ក្រាបអំពើឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបណ្ដេញចេញជនជាតិចិន ចំនួន ១៦៦ នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ និងស្នាក់នៅធ្វើការខុសច្បាប់។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ដោយបានបញ្ជូនជនបរទេសទាំងនេះ ត្រឡប់ទៅប្រទេសកំណើតវិញ តាមយន្តហោះពិសេស នៅយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ តាមច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ។

អាជ្ញាធរបានបញ្ជាក់ថា ការបណ្ដេញចេញនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មអនឡាញ ដែលកំពុងកើនឡើង និងប៉ះពាល់ដល់សន្តិសុខសង្គម។

យុទ្ធនាការនេះ ត្រូវបានអនុវត្តក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការតម្រង់ទិសដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញវិធានការដ៏តឹងរឹងក្នុងការបោសសំអាតអំពើឧក្រិដ្ឋកម្មបច្ចេកវិទ្យា។

ក្រៅពីការចាប់ខ្លួន និងបណ្ដេញចេញ អាជ្ញាធរផងដែរ បានផ្តោតលើការស្រាវជ្រាវរកមេខ្លោងនៅពីក្រោយបណ្តាញឆបោក និងការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានបោកបញ្ឆោតឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់។

អ្នកវិភាគមើលឃើញថា ការរឹតបន្តឹងច្បាប់ និងការសហការជាមួយប្រទេសពាក់ព័ន្ធ គឺជាជំហានសំខាន់ ក្នុងការកាត់បន្ថយបណ្តាញឆបោកអនឡាញ និងការពារសុវត្ថិភាពប្រជាពលរដ្ឋទាំងក្នុងប្រទេស និងអន្តរជាតិ៕