2026-04-09 09:11
7

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបន្តរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយបណ្ដេញចេញជនបរទេស សរុបចំនួន ,០៨៤ នាក់ ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃ ចាប់ពីថ្ងៃទី0១ ដល់ទី0៥ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការខុសច្បាប់។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដែលបានបញ្ជាឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តចាត់វិធានការយ៉ាងតឹងរឹងបំផុត។

តាមរបាយការណ៍ ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងដើមខែមេសា មានចំនួន ២៧ សញ្ជាតិផ្សេងៗគ្នា រួមមាន៖ ប្រទេសនៅអាហ្វ្រិក អាស៊ី និងអឺរ៉ុប ដូចជា កេនយ៉ា នីហ្សេរីយ៉ា ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ម៉ាឡេស៊ី ជប៉ុន អាមេរិក និងអង់គ្លេសជាដើម។ ក្នុងនោះ ជនជាតិចិនមានចំនួនច្រើនជាងគេ គឺ ៤៨០ នាក់ (ស្រី ១៦ នាក់)។

អាជ្ញាធរបានបញ្ជាក់ថា ការបណ្ដេញចេញនេះ ជាផ្នែកមួយនៃយុទ្ធនាការបន្ត ក្នុងការបង្ក្រាបអំពើខុសច្បាប់ពាក់ព័ន្ធនឹងជនបរទេស ជាពិសេសសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ និងការងារខុសច្បាប់ ដែលកំពុងបង្កហានិភ័យដល់សន្តិសុខសង្គម។

ជាមួយគ្នានេះ អាជ្ញាធរក៏បានបន្តសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីធានាការបញ្ជូនជនបរទេសត្រឡប់ទៅប្រទេសកំណើត និងពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

អ្នកវិភាគមើលឃើញថា ចំនួនជនបរទេសដែលត្រូវបានបណ្ដេញចេញយ៉ាងច្រើនក្នុងរយៈពេលខ្លី បង្ហាញពីការតាំងចិត្តរបស់រដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខ និងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា៕