2026-04-09 09:51
35

ប៉ារីស៖ បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្ហាញទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដែលប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ។

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នេះ តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា បានបង្ហោះសេចក្តីថ្លែងការណ៍របស់ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង យ៉ាងដូច្នេះថា «លោកប្រធានាធិបតី Macron បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «ទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ»

តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) លោក Macron បញ្ជាក់ថា «កម្ពុជា-បារាំង ក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ និងការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ។ សម្រាប់លោក Macron ពិតមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង»