ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយមន្រ្តីស្ថានីយថ្នល់ទទឹង ស្ថានីយអ្នកលឿង ស្ថានីយកំពង់ទួល ស្ថានីយអង្គស្នួល និងស្ថានីយព្រែកហូរ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ៥ ទីតាំងផ្សេងៗគ្នា។
ចំពោះការចុះពិនិត្យនោះ ទទួលបានលទ្ធផលដូចខាងក្រោម៖
- នៅលើផ្លូវជាតិលេខ១១ គ.មលេខ៧៩ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី១៩តោន ដល់ ២០តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ៧៦%។
- នៅលើផ្លូវជាតិលេខ៣១៣ គ.មលេខ០+១០០ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី៩តោន ដល់ ២៣តោន គិតជាភាគរយចន្លោះពី២២% ដល់ ៥៧%។
- នៅលើផ្លូវជាតិលេខ៣ គ.មលេខ២៤+៧៥០ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្រួតពិនិត្យយានយន្តចំនួន ៥គ្រឿង មានពាក់ឡូហ្គូ SSP លើសទម្ងន់អនុញ្ញាតចន្លោះពី៦តោន ដល់ ១០តោន គិតជាភាគរយចន្លោះពី៣៧% ដល់ ៦២%។
- នៅលើផ្លូវជាតិលេខ៣៤ គ.មលេខ៨ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្រួតពិនិត្យយានយន្តចំនួន ៣គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី៥តោន ដល់ ៩តោន គិតជាភាគរយចន្លោះពី៣១% ដល់ ៥៦%។
- នៅលើផ្លូវជាតិលេខ 20A គ.មលេខ១ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង មានពាក់ឡូហ្គូ SL, DN, KH លើសទម្ងន់អនុញ្ញាតចន្លោះពី៧តោន ដល់ ១២តោន គិតជាភាគរយចន្លោះពី៤៣% ដល់ ៧៥%។
សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ៥ ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្ត ចំនួន ១៦ គ្រឿង លើសទម្ងន់កម្រិតកំណត់ទាំង ១៦ គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី ៥ តោន ដល់ ២៣ តោន គិតជាភាគរយចន្លោះពី ២២% ដល់ ៧៦%។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។
ក្រុមការងារចល័តពិសេស នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕











