2026-04-09 11:38
56

 កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនឆ្លងខេត្ត ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ប្តី-ប្រពន្ធ រឹបអូសថ្នាំញៀនចម្រុះប្រមាណ ជាង ១០ គីឡូក្រាម។

ប្រតិបត្តិការនេះ អនុវត្តតាមការដឹកនាំរបស់ ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពី លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

នគរបាលបានឱ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការនគរបាលស្រុកឱរ៉ាល់ និងសំរោងទង បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀទ្រុងទ្រាយធំ នៅចំណុ​ច ភូមិ​ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ និងដកហូតថ្នាំញៀន ២ កញ្ចប់ធំ ទូរសព្ទ ០១ គ្រឿង និងម៉ូតូ ០១ គ្រឿង។

បន្ទាប់មក នៅថ្ងៃទី០៧ ខែមេសា កម្លាំងបានបន្តឆែកឆេរផ្ទះរបស់ជនសង្ស័យរកឃើញថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ៣២ កញ្ចប់, ម្សៅ K ០២ កញ្ចប់, MDMA ៤៩ កញ្ចប់, JNX ០៦ កំប៉ុង, ម្សៅស្លឹកឈើ ០៤ កញ្ចប់ធំ, បារីអេឡិចត្រូនិច ៣៩ ដើម, ឧបករណ៍កែច្នៃ និងសម្ភារៈពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

ក្នុងរង្វង់ប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឯម ស្រីនា អាយុ ៣៥ឆ្នាំ ជាប្រពន្ធជនសង្ស័យ វង់ ស៊ីថា ហៅ ញ៉ាញ់ នៅ​ចំ​ណុច ភូមិត្រស់សាលា សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន។ ចំពោះមុខសញ្ញាជាមខ្លោងដែលផ្គត់ផ្គង់គ្រឿងញៀន នៅរាជធានីភ្នំពេញ។

តាមចម្លើយសា​រ​ភាពរបស់ជនសង្ស័យទាំង ២នាក់ ប្តី-ប្រពន្ធ បានបញ្ជាក់ថា គ្រឿងញៀនទាំងអស់នេះខ្លួនបា​នមកពី ឈ្មោះ ឯ​ ស​ ភ ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែ​នសុខ រាជធានីភ្នំពេញ ត្រូវជា​បងបង្កើតឈ្មោះ​ ឯម ស្រីនា​ មុខសញ្ញាកំពុងគេចខ្លួនក្រោយទទួលដំ​ណឹងពីជនសង្ស័យដែលត្រូវបាន​បង្រ្កាប​។

ចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ​ រួមជាមួយវត្ថុតាងរឹបអូសបាន​ កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕