2026-04-10 16:12
14

តាមរយៈព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានជូនជនរួមជាតិខ្មែរ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer)»។ 

តាមវេជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ ព្រះត្រូវគង់ប្រថាប់បន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ។ 

ក្រុមគ្រូពេទ្យតម្រូវឱ្យព្រះអង្គចូលគង់ប្រថាប់ក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលតាមវេជ្ជបញ្ជា នឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេលពីមួយខែ ទៅពីរខែបន្តទៀត។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នេះ ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមផ្ញើសេចក្តីនឹករលឹកជាពន់ពេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ថ្វាយ និងជូនសម្តេចព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕