2026-04-25 14:59
6

កោះកុង៖ ក្រសួងបរិស្ថាន បានចុះអនុវត្តវិធានការច្បាប់លើករណីទន្ទ្រានកាន់កាប់ដីខុសច្បាប់នៅក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត ខេត្តកោះកុង បន្ទាប់ពីរកឃើញសកម្មភាពសាងសង់សំណង់អនាធិបតេយ្យ និងការកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ 

យោងតាមក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងអង្គការដៃគូ ចុះពិនិត្យទីតាំងជាក់ស្តែង និងរកឃើញថា មានសំណង់ប្រមាណ ជាង ១០០ កន្លែង រួមមាន ខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹក ត្រូវបានសាងសង់ដោយខុសច្បាប់។ 

ក្រសួងបានឲ្យដឹងថា អាជ្ញាធរបានធ្វើការប្រាប់បញ្ជាក់អំពីបទប្បញ្ញត្តិច្បាប់ និងទោសទណ្ឌពាក់ព័ន្ធនឹងការកាប់គាស់ និងរុករានដីព្រៃ ដល់ប្រជាពលរដ្ឋដែលចូលមកកាន់កាប់ដីខុសច្បាប់ ហើយបានតម្រូវឲ្យរុះរើសំណង់ និងចាកចេញពីតំបន់ជាបន្ទាន់។ 

ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្នុងករណីដែលមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ដោយតឹងរឹង។ 

សកម្មភាពទន្ទ្រានដីក្នុងតំបន់ការពារធម្មជាតិនេះ គឺជាបទល្មើសតាមមាត្រា ៨៥១ ចំណុច (ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ និងបញ្ឈប់សកម្មភាពរំលោភលើតំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិ និងបរិស្ថានឲ្យបានយូរអង្វែង៕