ភ្នំពេញ៖ កម្ពុជាបានបន្តបញ្ជូនអត្តពលិកចូលរួមប្រកួតលើឆាកអន្តរជាតិ ដោយបានបញ្ជូនកីឡាករចំបាប់ ចំនួន ៨ រូប ទៅចូលរួមក្នុងព្រឹត្តិការណ៍ 6th Asian Beach Games Sanya 2026 ដែលកំពុងប្រព្រឹត្តឡើងនៅទីក្រុង Sanya ខេត្តហៃណាន ប្រទេសចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦នេះ មានការចូលរួមពីប្រទេសប្រមាណ ៤៥ ក្នុងតំបន់អាស៊ី និងប្រកួតលើ ១៤ ប្រភេទកីឡា ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡានៅតំបន់។
សម្រាប់កម្ពុជា បានចូលរួមប្រកួត ចំនួន ៤ ប្រភេទកីឡា រួមមាន ចំបាប់ ទ្រីយ៉ាត្លុង ជីជឺតស៊ូ និងបាល់ទាត់លើតុ ខណៈកីឡាករ និងកីឡាការិនីកម្ពុជាកំពុងខិតខំប្រឹងប្រែងប្រកួតប្រជែងយ៉ាងសកម្ម ដើម្បីលើកស្ទួយកិត្តិយសជាតិ។
គិតត្រឹមពេលនេះ កម្ពុជាបានដណ្តើមមេដាយប្រាក់ ១ គ្រឿងរួចហើយ ពីប្រភេទកីឡាទ្រីយ៉ាត្លុង ដោយកីឡាការិនី Margaret Garabedian ខណៈប្រភេទជីជឺតស៊ូ និងបាល់ទាត់លើតុ កំពុងបន្តការប្រកួតជាបន្តបន្ទាប់។
ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពកីឡាករខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកកម្ពស់មុខមាត់ប្រទេសលើឆាកអន្តរជាតិផងដែរ៕




