2026-04-27 10:57
64

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានជូនដំណឹងអំពី ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន។

ក្រោយព្រះអង្គទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំ ដោយលោក លោកស្រី សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសដ៏ជំនាញពូកែៗ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេស ខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេក្ខព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខរបួសវះកាត់តាម ពេលវេលាកំណត់ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ជាមួយគ្នានោះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ៕