2026-04-27 13:34
8

ក្នុងកម្មវិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន ដែលមានវត្តមានបុរសមានអំណាច ដូណាល់ ត្រាំ រួមទាំងភរិយា នៅទីនោះដែរ ជាធម្មតាតែងមានភ្នាក់ងារសម្ងាត់ និងកងការពារយ៉ាងតឹងរ៉ឹង នៅចាំយាមសន្តិសុខនៅក្នុងកម្មវិធី តែមានឆ្ងល់ទេ តើជនសង្ស័យប្រើវិធីដូចម្ដេចដើម្បីចូលក្នុងកម្មវិធីបាន រួមទាំងអាចធ្វើសកម្មភាពបាញ់ប្រហារ ដោយគ្មានឧបសគ្គអ្វីសោះនោះ?

ថ្ងៃនេះ MSJ នឹងសង្ខេបពីហេតុការណ៍ ដែលជនសង្ស័យរៀបគម្រោងចង់ធ្វើឃាតរដ្ឋាភិបាលអាមេរិក និង លោក ត្រាំ ក្នុងជំនួបពិសារអាហារជាមួយអ្នកយកព័ត៌មានប្រចាំសេតវិមាន។

ជនសង្ស័យឈ្មោះ Cole Tomas Allen អាយុ ៣១ឆ្នាំ មកពីទីក្រុង Torrance រដ្ឋកាលីហ្វ័រញ៉ា។ មុនថ្ងៃកម្មវិធី Allen បានធ្វើដំណើរពីរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរថភ្លើង ដែលនៅជាប់ខ្លួនមានផ្ទុកកាំភ្លើងរួចជាស្រេច បន្ទាប់មកបុគ្គលនេះក៏បានកក់បន្ទប់នៅវ៉ាស៊ីនតោន ហ៊ីលតុន ខណៈដែលនៅទីនោះគ្មានកាំមេរ៉ាសុវត្ថិភាពចាំឃ្លាំមើលឡើយ។ 

នៅល្ងាចថ្ងៃទី25 ខែមេសា កម្មវិធីត្រូវបានរៀបចំនៅសណ្ឋាគារ Washington Hilton ស្ថិតនៅជាន់ខាងក្រោម ដែលមានច្រកចូលសំខាន់មួយ ត្រូវបានត្រៀមទទួលភ្ញៀវរួចជាស្រេច។ 

នៅថ្ងៃដដែល សណ្ឋាគារបានបិទ និងមិនអនុញ្ញាតឲ្យអ្នកដែលមិនពាក់ព័ន្ធចូលរួម ចាប់ពីម៉ោង2 រសៀលតទៅ ដើម្បីត្រៀមរៀបចំកម្មវិធីដែលចាប់ផ្តើមនៅម៉ោង 8 យប់។ 

មានតែភ្ញៀវស្នាក់នៅ អ្នកមានសំបុត្រ ឬមានការអនុញ្ញាតពិសេសពី WHCA ប៉ុណ្ណោះដែលអាចចូលទៅខាងក្នុងបាន។ នេះបើយោងតាមសារព័ត៌មាន AP។ ចំណុចនេះហើយជាចន្លោះប្រហោង! ភ្ញៀវចូលរួមមិនសូវត្រូវបានត្រួតពិនិត្យសុវត្ថិភាពតឹងរ៉ឹងពេកទេ ពេលចូលសណ្ឋាគារ ពួកគេគ្រាន់តែបង្ហាញសំបុត្រប៉ុណ្ណោះ ក៏អាចចូលទៅខាងក្នុងបានយ៉ាងស្រួល។ 

ក្រោយឆែកសំបុត នៅម៉ោង 7:30 យប់ សាលទាំងមូលក៏បានបើកទ្វារ ភ្ញៀវរាប់ពាន់នាក់បានចុះទៅជាន់ក្រោមតាមជណ្តើរយន្ត រួចហើយត្រូវឆ្លងកាត់ម៉ាស៊ីនពិនិត្យមួយដំណាក់កាលទៀតយ៉ាងលឿន បន្តិចក្រោយកម្លាំងសន្តិសុខខាងក្រៅចាប់ផ្ដើមដបស្រាបៀរ និងកែវ cocktail ពីភ្ញៀវទាំងអស់មុននឹងអនុញ្ញាតឲ្យពួកគេចូលទៅខាងក្នុងសាលធំ។ 

ទោះជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យសុវត្ថិភាពមិនប្រព្រឹត្តទៅដោយស្មើភាពគ្នាទេ ពោលភ្ញៀវខ្លះត្រូវហាមឃាត់មិនឲ្យយកអ្វីចូលទាំងអស់ ខណៈមនុស្សមួយចំនួនទៀតអាចយកចូលបានធម្មតា។ 

ម៉ោង 8:15 យប់ លោក ត្រាំ បានដើរចូលសាលធំ អមដោយបទភ្លេង “Hail to the Chief” និងសំឡេងហ៊ោអបអរសាទរពីមន្ត្រីក្រោមអំណាច។ 

អង្គុយបានបន្តិចជាមួយភរិយា អំឡុងពេលកំពុងជជែកលេងជាមួយអ្នកសារព័ត៌មាន ភ្លាមៗនោះ ក៏ឮសំឡេងបាញ់កាំភ្លើងកើតឡើងនៅម៉ោងប្រហែល 8:30 យប់ ចេញពីខាងក្រៅសាលធំ។ 

ដំបូងលោក ត្រាំ គិតថា វាគ្រាន់ជាសំឡេងថាសធ្លាក់ប៉ុណ្ណោះ មិនគិតថាជាការបាញ់ប្រហារនោះទេ។ មួយរំពេច ប៉ូលិសម្នាក់ស្រែកថា មានបុរសម្នាក់កាន់កាំភ្លើងខ្លី ម៉ាកMaverick និងកាំបិតជាច្រើន ធ្វើសកម្មភាពរត់ឆ្លងកាត់ចំណុចត្រួតពិនិត្យសន្តិសុខនៅសាលទទួលភ្ញៀវលឿនស្លេវដូចផ្លេកបន្ទរ ដែលធ្វើឲ្យកម្លាំងការពារមិនអាចឃាត់រូបគេបាន។ 

សារព័ត៌មាន New York Times បានរាយការណ៍ថា ជនសង្ស័យបានបាញ់ប្រហារជាមួយកម្លាំងអនុវត្តច្បាប់ ដោយមានសំឡេងកាំភ្លើងប្រហែល 5 ទៅ 8 គ្រាប់ និងធ្វើឲ្យមនុស្សមួយចំនួនរងរបួស បន្ទាប់ពីត្រូវបានកម្លាំងសម្ងាត់អាមេរិកចាប់បាន ក្រោយពីរូបគេហៀបនឹងចូលទៅក្នុងសាលធំ។ 

ដែលខណៈនោះ លោក ត្រាំ រួមទាំងភរិយា និងមន្រ្តីជាន់ខ្ពស់មួយចំនួនត្រូវបានជម្លៀសចេញភ្លាមៗ ដើម្បីការពារសុវត្ថិភាព។ សារព័ត៌មាន CBS បានឲ្យដឹងថា ជនសង្ស័យមិនមានការរងរបួសអ្វីទេ អំឡុងពេលបង្ក្រាបបាន ហើយនិងត្រូវនាំទៅតុលាការនៅថ្ងៃទី27 ខែមេសា។ 

ចំពោះមូលហេតុ ដោយសាររូបគេខឹងនឹងគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក និងមានគម្រោងសម្លាប់រដ្ឋាភិបាល រួមទាំងមានលោក ត្រាំ នៅក្នុងនោះផងដែរ៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា