2026-04-28 12:29
39

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការណែនាំជាផ្លូវការ ជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០% ក្នុងគោលបំណងទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងឈានទៅរកការបញ្ចប់ជំងឺនេះនៅក្នុងកម្ពុជា។

យោងតាមសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានណែនាំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមអនុវត្ត និងផ្សព្វផ្សាយវិធានការបង្ការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍។

សេចក្តីណែនាំបានបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប្រចាំ គឺជាវិធានការសំខាន់បំផុតមួយ ក្នុងការការពារការឆ្លងមេរោគពីដៃគូរួមភេទ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យបន្តលុបបំបាត់ទស្សនៈយល់ច្រឡំថា នៅកម្ពុជាមិនមានអេដស៍ទៀតឡើយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការការពារឱ្យបានម៉ឺងម៉ាត់។

បន្ថែមពីនេះ អាជ្ញាធរត្រូវជំរុញឱ្យក្រុមប្រជាជនដែលមានហានិភ័យ ឬសង្ស័យថាឆ្លងមេរោគ អញ្ជើញទៅធ្វើតេស្តឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានសេវាព្យាបាល និងថែទាំសុខភាពឱ្យមានប្រសិទ្ធភាព។

ក្នុងវិធានការជាក់ស្តែង ក្រសួងបានណែនាំឱ្យធានាការផ្គត់ផ្គង់ និងចែកចាយស្រោមអនាម័យឱ្យបានទូលំទូលាយ ជាពិសេសនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ ដូចជា កន្លែងកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងផ្សេងៗដែលអាចមានសកម្មភាពផ្លូវភេទ។

គួរបញ្ជាក់ថា ស្រោមអនាម័យ មិនត្រូវបានយកធ្វើជាមូលហេតុដាក់បន្ទុកទោសឡើយ លើកលែងតែករណីពាក់ព័ន្ធនឹងបទល្មើសជួញដូរផ្លូវភេទជាក់ស្តែង។

ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ដើម្បីរួមចំណែកការពារសុខភាពសាធារណៈ និងសម្រេចគោលដៅបញ្ចប់អេដស៍នៅកម្ពុជានាពេលអនាគត៕