ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅប្រទេសព្រុយណេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែន និងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ខាងក្រោមនេះ ជាការដកស្រង់នូវខ្លឹមសារមួយចំនួននៃចម្លើយរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងជំនួបនេះ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការជួបគ្នានេះ គឺជាការបន្តពីការជួបគ្នាលើកមុនៗ ដើម្បីស្វែងរកនូវវិធីនានា ក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានប្រក្រតីភាពឡើងវិញ។
ជំនួបលើកនេះ បានផ្តោតទៅលើប្រធានបទទាំងឡាយ ដែលភាគីទាំងពីរអាចនិយាយត្រូវរូវគ្នា ដើម្បីបន្តកសាងទំនុកចិត្ត និងសម្រេចលទ្ធផលជាក់ស្តែងក្នុងការឈានទៅកសាងប្រក្រតីភាពក្នុងទំនាក់ទំនងរវាងទាំងពីរ។
ចំណុចវិជ្ជមានមួយ គឺយើងបានការតាំងចិត្តដូចគ្នាក្នុងការរក្សាបទឈប់បាញ់ គង់វង្ស។
ឆ្លើយតបទៅនឹងការលើកឡើងរបស់សារព័ត៌មានថៃ The Nation បានលើកឡើងថា៖ បទឈប់បាញ់ គួរដើរទៅទន្ទឹមគ្នាជាមួយនឹងការបញ្ចប់ការថ្លែងការណ៍ដែលមិនជួយបង្កើតបរិយាកាសវិជ្ជមានក្នុងការស្តារទំនាក់ទំនងឡើងវិញ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ចប់ដោយទូរកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន មិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដែលប្រការនេះផ្ទុយនឹងអ្វីដែលយើងបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកបានបន្ថែមថា រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានានៅគ្រប់វេទិកាអន្តរជាតិដែលយើងបានទៅចូលរួម។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅលោក Sihasak ដោយត្រង់ថា «កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែខ្ញុំត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ព្រោះវាពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិរបស់កម្ពុជា បូរណភាពទឹកដីរបស់កម្ពុជា និងដី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់កម្ពុជា»។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «បើចង់ឱ្យខ្ញុំឈប់លើកអំពីបញ្ហាទាំងអស់នេះ មិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ»។
ដោយឡែកជុំវិញការចុះផ្សាយកាសែត The Nation របស់ថៃ ក៏បានលើកឡើងដែរថា លោក Sihasak បានលើកអំពីការដែលប្រទេសថៃ នឹងលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែន សមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ (MoU-2001) លោក ប្រាក់ សុខុន បានបកស្រាយថា កន្លងទៅ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន ចេញសេចក្តីថ្លែងការណ៍ចំនួនពីរលើកពាក់ព័ន្ធនឹងបញ្ហានេះ គឺ លើកទី១ នៅថ្ងៃទី០៨ ខែមេសា និងលើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់ថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការអនុវត្តដោយសុចរិតភាពនូវក្របខណ្ឌមួយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាន នៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ»។ វាជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001 នេះ ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលគាំទ្រការរៀបចំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈ នៃការយោគយល់គ្នានេះសម្រេចបានកាលពីឆ្នាំ២០០១។ កម្ពុជានឹងបង្ហាញជំហរផ្លូវការបន្ថែមទៀតនៅពេលខាងមុខ។
ចំពោះលទ្ធផលវិជ្ជមាននៃជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាធ្វើការគិតគូរដល់ដំណើរទៅមុខដោយបន្តពិចារណាអំពីការកសាងផែនទីបង្ហាញផ្លូវមួយ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាមួយ គ្នាឡើងវិញ។
ក្នុងនោះមានការប្តេជ្ញាគោរព និងអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា និងការបន្តពិភាក្សាគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈយន្តការដែលមានស្រាប់ ការរៀបចំនូវកញ្ចប់វិធានការ ដើម្បីកសាងទំនុកចិត្ត និងបញ្ហាផ្សេងៗទៀត។ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការជួប និងការពិភាក្សាគ្នាបន្តទៀត៕




