2026-05-01 08:55
20

ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើករណី លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដោយផ្តន្ទាទោសឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ និងបន្ថែមទោសហាមឃាត់ការធ្វើដំណើរចេញពីប្រទេសរយៈពេល ៥ ឆ្នាំ។

សេចក្តីសម្រេចនេះ ត្រូវបានបញ្ជាក់ថា ជាការតម្កល់សាលក្រមដដែល ក្រោមបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លោក ផែង ហេង សហមេធាវីការពារក្តីឱ្យ កឹម សុខា បានសម្តែងការខកចិត្តចំពោះសាលដីកានេះ ដោយបញ្ជាក់ថា សាលាឧទ្ធរណ៍បានសម្រេចរក្សាទុកសាលក្រមដដែល និងបន្ថែមការហាមឃាត់ចេញក្រៅប្រទេសរយៈពេល ៥ ឆ្នាំ។

ជុំវិញសេចក្តីសម្រេចនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ក៏បានសំដែងការសោកស្តាយ ដោយចាត់ទុកថា ការសម្រេចនេះមានផលប៉ះពាល់ដល់សិទ្ធិនយោបាយ និងសេរីភាពរបស់បុគ្គល។

អង្គការនេះបានកត់សម្គាល់ថា ក្នុងអំឡុងពេលប្រកាសសាលដីកា មានអ្នកសង្កេតការណ៍ពីស្ថានទូត ភ្នាក់ងារ អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចូលរួមតាមដានសវនាការ ខណៈវិធានការសន្តិសុខនៅក្រៅតុលាការត្រូវបានរឹតបន្តឹង។

ម.ស.ម.ក បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យធានាការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចអន្តរជាតិដែលកម្ពុជាបានចូលរួម។

សូមជម្រាបថា អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បច្ចុប្បន្នមានអាយុប្រមាណជាង ៧០ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសជាប់ឃុំក្នុងគេហដ្ឋាន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ៖ «ក្បត់ជាតិ» និង បទ៖ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីខែមីនា ឆ្នាំ២០២៣។ 

ក្រៅពីនោះតុលាការបានបន្ថែមទោសមួយចំនួនទៀត ដូចជា ហាមឃាត់ការជួបជាមួយមនុស្សដទៃក្រៅពីសមាជិកគ្រួសារទោះជាការជួបដោយផ្ទាល់មុខ ឬតាមរយៈអនឡាញបាននោះឡើយ ប្រសិនបើមិនមានការអនុញ្ញាតពីតុលាការ។

តាមរបាយការណ៍ចេញផ្សាយដោយអង្គការលីកាដូ បានបង្ហាញថា ករណី លោក កឹម សុខា ត្រូវបានតុលាការយកមកជំនុំជម្រះនៅក្នុងសវនាការ ចំនួន ៦៦ លើក ដែលត្រូវបានចំណាយពេលជាង ៣ ឆ្នាំ។ 

នៅក្នុងសវនាការ មានការលើកឡើងអំពីសកម្មភាពនយោបាយរបស់លោក សេចក្តីថ្លែងការណ៍ និងឯកសារសាធារណៈមួយចំនួន ការបង្កើតអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទិ្ធមនុស្ស និងសកម្មភាពដទៃទៀតក្នុងរយៈជាង ២៤ ឆ្នាំ កន្លងមក ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ ២០១៧ ដែលត្រូវបានធ្វើឡើងដោយមានការគាំទ្រពីរដ្ឋអំណាចបរទេសដែលមិនបញ្ចេញឈ្មោះ ហើយជាមួយនឹងគោលបំណងបង្កើតបដិវត្តព័ណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា ភស្តុតាងសំខាន់ត្រូវបានលើកឡើងដាក់បន្ទុកទៅលើមេដឹកនាំគណបក្សជំទាស់រូបនេះ គឺសេចក្តីថ្លែងការណ៍របស់លោក ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាមួយកាលពីឆ្នាំ២០១៣ ទៅកាន់អ្នកគាំទ្រនៅឯទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលលោកបានលើកឡើងពេលលោកបានទៅសិក្សាអំពីប្រជាធិបតេយ្យមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ហើយទទួលបានដំបូន្មានអំពីរបៀបផ្លាស់ប្តូរអ្នកដឹកនាំនានាលើពិភពលោក៕