កណ្ដាល៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានសម្រេចដាក់វិធានការក្ដៅ ដោយតម្រូវឱ្យម្ចាស់សិប្បកម្មស្លចម្រាញ់ផ្លាកទីនមួយកន្លែងផ្អាកសកម្មភាពទាំងស្រុង បន្ទាប់ពីរកឃើញថាសិប្បកម្មនេះ បានដំណើរការខុសបច្ចេកទេស និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល សហការជាមួយរដ្ឋបាលស្រុកអង្គស្នួល បានចុះទៅដល់ទីតាំងសិប្បកម្មខាងលើ ស្ថិតនៅភូមិអូរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីបណ្ដាញសារព័ត៌មាន និងការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋជុំវិញបញ្ហាក្លិន និងផ្សែងពុល។
តាមរយៈការចុះពិនិត្យជាក់ស្ដែង មន្ត្រីជំនាញបានរកឃើញថា សិប្បកម្មនេះដំណើរការដោយមិនទាន់មានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ, ការប្រើប្រាស់ប្រេងខ្មៅសម្រាប់ដុតដេញផ្ដាច់សំណ បានបង្កជាផ្សែង និងក្លិនមិនល្អ ដែលប៉ះពាល់ដល់សុខភាពសាធារណៈ និងគ្មានប្រព័ន្ធចម្រោះផ្សែង និងការគ្រប់គ្រងសំណល់ផេះមិនបានត្រឹមត្រូវ។
នៅចំពោះមុខម្ចាស់សិប្បកម្ម ក្រុមការងារចម្រុះបានដាក់ចេញនូវវិធានការបង្ខំ ចំនួន ៨ ចំណុច ក្នុងនោះរួមមាន៖ ១. ផ្អាកសកម្មភាពទាំងស្រុង៖ បញ្ឈប់ការផលិតរហូតដល់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
២. ផាកពិន័យ៖ ម្ចាស់សិប្បកម្មត្រូវទទួលរងវិន័យអន្តរការណ៍តាមច្បាប់បរិស្ថាន។
៣. ការកែសម្រួលបច្ចេកទេស៖ ត្រូវបំពាក់ឧបករណ៍ចម្រោះផ្សែង ក្លិន និងបញ្ឈប់ការប្រើប្រាស់ប្រេងខ្មៅដាច់ខាត។ ៤. កិច្ចសន្យាការពារបរិស្ថាន៖ ម្ចាស់សិប្បកម្មត្រូវចូលខ្លួនមកធ្វើកិច្ចសន្យាជាមួយមន្ទីរបរិស្ថានខេត្តឱ្យបានរួចរាល់ក្នុងរយៈពេល ៣០ ថ្ងៃ។
មន្ត្រីជំនាញបានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់សិប្បកម្មនៅតែបន្តរឹងរូស មិនអនុវត្តតាមការណែនាំ ឬលួចលាក់ដំណើរការដោយគ្មានការកែសម្រួល អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់កាន់តែធ្ងន់ធ្ងរ រហូតដល់ការបិទទីតាំងជាស្ថាពរ។
បច្ចុប្បន្ន សិប្បកម្មនេះស្ថិតក្រោមការតាមដានយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាគ្មានការបង្ហុយផ្សែងពុលដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋបន្តទៀតឡើយ៕




