2023-07-05 18:43
276


រាជធានីភ្នំពេញ ៖    កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនម្ចាស់ហាងលក់ទូរស័ព្ទម្នាក់មានយីហោឈ្មោះ «រតនាប្រសូតិ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោ.ក និងរំលោ.ភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារអាមេរិក។


ជនសង្ស័យខាងលើនេះមានឈ្មោះ ព្រុំ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរម្ចាស់ហាងលក់ទូរស័ព្ទដៃទំនើបយីហោ «រតនាប្រសូតិ» ស្នាក់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយការិយាល័យជំនាញខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការឃាត់ជនសង្ស័យម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ២៧៧ អ.យ.ខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងរបស់ក្រុមហ៊ុន «អេសអេសប្រ៊ែសប ឯ.ក» ដែលមានឈ្មោះ អ៊ី ឬទ្ធី ភេទប្រុស ជាតំណាងប្តឹងពីបទ.ឆបោ.ក និងរំលោ.ភលើទំនុកចិត្ត។
ក្រោយពេលឃាត់ខ្លួនដោយកម្លាំងសហការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានប្រគល់ជនសង្ស័យជូនទៅលោកវរសេនីយ៍ត្រី ពៅ សាវ៉ុន ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីនាំខ្លួនទៅប្រគល់ជូនស្ថាបនអយ្យការអមសាលាដំបូង ដែលសំណុំរឿងនេះបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង បើកការស៊ើបសួរ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា អង្គហេតុបណ្តាលឲ្យនាំខ្លួនជនសង្ស័យខាងលើនេះ គឺផ្តើមចេញពីការងាររកស៊ី គឺដំបូងឡើយ ម្ចាស់ហាងលក់ទូរស័ព្ទដៃយីហោ «រតនាប្រសូតិ» បានទិញទូរស័ព្ទពីក្រុមហ៊ុន ដើម្បីយកទៅលក់បន្ត។ ហើយរបៀបរបបរកស៊ីលក់ដូរ តែងតែមានជំពាក់គ្នាទៅវិញទៅមក ដែលហៅថា «ម៉ូយ» យកថ្មីសងបំណុលចាស់។ ដូច្នេះហើយករណីនេះ ជនសង្ស័យមិនបានសងបំណុសទៅដើមបណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារអាមេរិកនោះទេ ទើបត្រូវគេប្តឹងឲ្យចាប់ខ្លួនពីបទ ឆបោ.ក និងរំលោ.ភលើទំនុកចិត្តនោះតែម្តង៕