2023-07-07 14:18
376

ខេត្តកំពង់ធំ ៖         នៅព្រឹក​ថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ​២០២៣នេះលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា​ កម្លាំងនគរបាលក្រុងស្ទឹងសែន ចុះស្រាវជ្រាវ​បង្ក្រាប​ និងឃាត់ខ្លួន​ជនសង្ស័យពាក់ព័ន្ធមានករណីលួច (ឆក់) មានស្ថានទម្ងន់ទោស​ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដាម្សិលមិញនេះ​។ 

លោកអធិការ​ក្រុង​ បន្តថា​ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២១ និង០៥នាទី តាមបណ្ដោយផ្លូវជាតិលេខ ៦A ចំណុចមុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានករណីលួច (ឆក់) មានស្ថានទម្ងន់ទោស កើតឡើងចំនួន ០១លើក បណ្តាលឲ្យមានជនរងគ្រោះចំនួន ០៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និងអ្នករួមដំណើរចំនួន ០២នាក់ ។

បន្ទាប់ពីទទួលបានពត៌មាន ករណីខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន ស៊ីថុល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក​ ខេត្តកំពង់ធំ ដកហូតបាន ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២២ លេខម៉ាស៊ីនND125ME-6403264 ស្លាកលេខ កំពង់ធំ 1S- 4055 និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

លោកវរសេនីយ៍ឯក គឹម សុខមករា បានបញ្ជាក់ថា ៖ ករណីខាងលើនេះមន្ត្រីនគរបាលជំនាញ នៅព្រឹកថ្ងៃ​ទី៧​ ខែកក្កដា​នេះ​ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕