2023-07-07 03:07
588

កំពង់ធំ៖ មុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពកាបូបពីនារីរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ ពេលនេះត្រូវសមត្ថកិច្ចស្រាវជ្រាវឈានដល់ឃាត់ខ្លួនបាន និងកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។

នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន ស៊ីថុល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក​ ខេត្តកំពង់ធំ ដែលពាក់ព័ន្ធក្នុងករណីឆក់កាបូបបង្កឲ្យជនរងគ្រោះស្លាប់។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០៥នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ចំណុចមុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានករណីលួច (ឆក់) មានស្ថានទម្ងន់ទោស កើតឡើងចំនួន ០១លើក បណ្តាលឲ្យមានជនរងគ្រោះ ចំនួន ០៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និងអ្នករួមដំណើរចំនួន ០២នាក់។

ក្រោយមានហេតុការណ៍នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន ស៊ីថុល ដកហូតបាន ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២២ លេខម៉ាស៊ីន ND125ME-6403264 ស្លាកលេខ កំពង់ធំ 1S-4055 និងទូរស័ព្ទដៃ ចំនួន ០១គ្រឿង។

បច្ចុប្បន្នករណីខាងលើនេះ មន្ត្រីនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕