ភ្នំពេញ៖ ស្ថានភាពទូទៅថ្ងៃទីដប់ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ បានប្រព្រឹត្តទៅដោយភាពរលួន ពុំកើតមានបញ្ហាអន្តិសុខ ឬប៉ះទង្គិចគ្នារវាងគណបក្សនយោបាយណាមួយឡើយ។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ថ្ងៃនេះមានគណបក្សនយោបាយ ចំនួន ១៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ០៥ បានហែក្បួនឃោសនារបស់ខ្លួន។
នៅថ្ងៃទីដប់នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនា នៅមណ្ឌលខេត្តព្រៃវែង ,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួនឃោសនា នៅមណ្ឌលរាជធានីភ្នំពេញ ,គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនា នៅមណ្ឌលខេត្តតាកែវ ,គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនា នៅមណ្ឌលខេត្តកំពង់ធំ និងគណបក្សខ្មែរឈប់ក្រ បានហែក្បួនឃោសនា នៅមណ្ឌលខេត្តកំពង់ស្ពឺ។
ក្រៅពីគណបក្សនយោបាយទាំង ៥ ខាងលើ គណបក្សនយោបាយ ចំនួន ០៩ ផ្សេងទៀត រួមមាន៖ គណបក្សប្រជាជនកម្ពុជា ,គណបក្សខ្មែររួបរួមជាតិ គណបក្សកសិករ ,គណបក្សធម្មាធិបតេយ្យ ,គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ,គណបក្សស្ត្រីដើម្បីស្ត្រី ,គណបក្សយុវជនកម្ពុជា ,គណបក្សឯកភាព-ជាតិខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណ តាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
សរុបជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃទីដប់នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងគ្នា អំពើហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទីព ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ គឺចាប់បើកុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយសម្រាប់ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕