2023-07-13 19:58
447

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះនូវសារនយោបាយមួយ នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះថា «ការមិនទទួលបានសម្លេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃ របស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ដែលធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ»។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃ របស់លោក Pita គឺជាការបរាជ័យដ៏ធំ របស់ក្រុមពួកតិរច្ឆាននៅកម្ពុជា»។  សម្តេចតេជោ បានបន្ថែមទៀតថា «ហើយនេះមិនមែនបង្ហាញថា ខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ»។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា «ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថា នៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា។ ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ»។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម»៕