កំពង់ឆ្នាំង៖ អ្នកភូមិប្រុស ស្រី ចំនួន ១២នាក់ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សង្ស័យពុលមីឆាដែលគេដឹកដើលក់តាមរទេះរុញ បណ្តាលឲ្យចុកពោះ រាគរុស និងក្អួតចង្អោ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ករណីប្រជាពលរដ្ឋពុលមីឆានេះ បានកើតឡើង នៅ ១៥និង៣៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ ២០២៣ ក្នុងមូល ដ្ឋានឃុំទាំងពីរខាងលើ។
តាមរបាយការណ៍ របស់អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៣ មានករណីចុកពោះ ក្អួត រាគ ជាច្រើននាក់ នៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស និងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង បន្ទាប់ពីពួកគាត់បានទិញមីឆាដែលគេដើរលក់តាមរទេះ។ ក្នុងករណីនេះ មានមនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន ១២នាក់ មានរោគសញ្ញាស្រដៀងគ្នា គឺ ចុកពោះ រាគ និងក្អួត អស់កម្លាំង។
របាយការណ៍បានឲ្យដឹងទៀតថា អ្នករងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បញ្ជូនមកមន្ទីរពេទ្យខេត្តទាំងអស់ ដើម្បីសង្គ្រោះជីវិត និងមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា អ្នករងគ្រោះចំនួន ១២នាក់ ស្រី ០៥នាក់ នៅឃុំផ្លូវទូក ០៣នាក់ ស្រី ០២នាក់ និងឃុំប្រឡាយមាស ០៩នាក់ ស្រី ០៣នាក់ ដែលពួកគាត់បានទិញមីឆាពីស្ត្រីឈ្មោះ មូល សុន អាយុ ៧០ឆ្នាំ រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង បានរុញរទេះដើរលក់នៅក្នុងភូមិដូចសព្វដង។
ពាក់ព័ន្ធករណីពុលនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមី បន្លែ និងគ្រឿងគ្រៅដាក់មី ដើម្បីយកមកវិភាគរកមូលហេតុអោយបានច្បាស់លាស់។
ចំណែកស្ត្រីឈ្មោះ មូ សុន អាយុ ៧០ឆ្នាំរស់នៅភូមិពាងខ្នង ឃុំផ្លូវទូក ជាអ្នកលក់មីឆាត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រឡាយមាសឃាត់ខ្លួនរង់ចាំការសម្រេចពីថ្នាក់លើ។ក្រុមគ្រូពេទ្យដែលកំពុងជូយសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអាគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះថា អ្នកជំងឺទាំងអស់មានអាការៈធូស្បើយបណ្តើរៗហើយ និងពុំមានអ្នកណារងគ្រោះធ្ងន់នោះឡើយ៕