2023-07-15 12:21
284

កំពង់ស្ពឺ៖ បុគ្គលិកក្រុមហ៊ុន ឥណទានជនបទ K.E.P Group បានក្លែងបន្លំឯកសារយកកម្ចីប្រាក់ ៥០លានរៀលពីក្រុមហ៊ុនប្រើប្រាស់ផ្ទាល់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

លោកវរសេនីទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យប្រាប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នេះថា ករណីបុគ្គលិកក្រុមហ៊ុន ឥណទានជនបទ K.E.P Group ដែលបានក្លែងបន្លំឯកសារដាក់យកកម្ចីប្រាក់ពីក្រុមហ៊ុន សរុបចំនួន ៥០លានរៀល យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដែលត្រូវបានអាវុធហត្ថចាប់ខ្លួន មន្ត្រីជំនាញកំពង់សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ 

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុត ខ្លី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះពាក់ពន្ធករណី រំលោភលើទំនុកចិត្ត យកប្រាក់ពីក្រុមហ៊ុន ចំនួន ៥០លានរៀល។ 

អាវុធហត្ថបានបន្តទៀតថា ជនសង្ស័យខាងលើបានបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងក្លាយ ចំនួន ៤៦នាក់ ត្រូវបានចាប់ខ្លួននៅចំណុចក្រុមហ៊ុនឥណទានជនបទ K.E.P Group ផ្ទាល់តែម្តង។ 

លោកវរសេនីទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ អាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕