ភ្នំពេញ៖ សាលក្រមតុលាការរាជធាភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកមេធាវីការពារក្តីម្នាក់ ឲ្យជាប់ពន្ធនាគាររយះពេល ០២ឆ្នាំ ប៉ុន្តែទោសនោះ ត្រូវព្យួទាំងអស់ ក្រោមការចោទប្រកាន់ពីបទៈ ផ្ដល់សក្ខីកម្មក្លែង និងបង្គាប់ឲ្យសងជំងឺចិត្តដល់ដើមបណ្តឹង ចំនួន ៤លានរៀល ពីបទៈ បរិហារបង្កាច់កេរ្តិ៍។
លោកមេធាវី ផេង ស៊ីដេត សាលាដំបូងរាជធានីភ្នំពេញចេញសាលក្រម លេខ១៨៣២ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ០២ឆ្នាំ តែទោសនេះត្រូវព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទៈ ផ្ដល់សក្ខីកម្មក្លែង និងបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្ដឹង ចំនួន ៤លានរៀល ពីបទៈ បរិហារបង្កាច់កេរ្តិ៍ ដោយបើកផ្លូវប្ដឹងឧទ្ធរណ៍តាមច្បាប់។
ដើមបណ្តឹងក្នុងសំណុំរឿងខាងលើនេះ គឺលោកស្រី ឃី ជឺ ជាអ្នកសារព័ត៌មានអនឡាញ ស្រឡាញ់យុត្តិធម៍ ដោយផ្តើមចេញពីរឿងដីវត្តគោកបញ្ជាន់។
កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក លិ សុខា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ៣២៥៧ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មកបើកសវការជាសាធារណៈដែលមានជនជាប់ចោទឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី ជាប់ចោទពីបទ ផ្តល់សក្ខីកម្មក្លែងក្លាយ និងបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តាមច្បាប់បញ្ញាត្តិ មាត្រា ៣១១ និង មាត្រា ៥៤៥ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទឈ្មោះ ផេង ស៊ីដេត ក្នុងសាវនាកានីមុខមន្ត្រីតុលាការសួរដេញដោលលើអង្គហេតុ គឺជនជាប់ចោទបានផ្តល់ចម្លើយប្រាសចាកនឹងសំណួររបស់រចៅក្រមជំនុំជម្រះ និងតំណាងអយ្យការ ដោយយកសំណុំរឿងផ្សេងៗមកអំណះអំណាងទៅវិញ។
នៅពេលដែលតុលាការសួរថា តើអ្នកណាជាអ្នកធ្វើលិខិតចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឆ្លើយបំភ្លឺមកតុលាការ ពេលដែលលោកស្រី ឃី ជឺ ប្ដឹងព្រះតេជគុណ សេង ថង រឿងលក់ដីវត្តគោកបញ្ជាន់? ដោយលិខិតនោះ បានសរសេរចោទប្រកាន់មកលើលោកស្រី ឃី ជឺ ថាជាអ្នកលោភលន់ចង់បានដីវត្ត និងចោទថា ឈ្មោះ ឃី ជឺ ជាអ្នកស្នើសុំចុះបញ្ជីយកដីវត្តជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកមេធាវី ផេង ស៊ីដេត បានឆ្លើយថា ខ្លឹមសារលិខិតបំភ្លឺនោះ ជាឆន្ទៈរបស់ព្រះសង្ឃ សេង ថង ទៅវិញ ដូច្នោះ គឺផ្ទុយពីខ្លឹមសារក្នុងលិខិតបំភ្លឺដាក់ជូនតុលាការទាំងស្រុង ។
ចុងបញ្ចប់លោកចៅក្រមជំនុំជំរះ ក្នុងរឿងក្ដីនេះ បានលើកឡើងថា ភាពខុសឆ្គង និងការចោទប្រកាន់គេដោយពុំមានមូលដ្ឋានត្រឹមត្រូវ នេះហើយទើបលោកស្រី ឃី ជឿ ប្ដឹង ព្រោះជនដែលស្នើសុំចុះបញ្ជីដីវត្តគោកបញ្ជាន់ មិនមែនលោកស្រីឃី ជឺ ដូចក្នុងលិខិតបំភ្លឺរបស់លោកមេធាវីទេ។
ចំណែកលោកស្រី ឃី ជឺ បានស្នើសុំឲ្យតុលាការវិនិច្ឆ័យលើសំណុំរឿងនេះ ទៅតាមច្បាប់បានជាចៅក្រមជំនុំជំរះប្រកាសសាលក្រមផ្ដន្ទាទោសលោកមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារកំណត់២ឆ្នាំ តែទោសត្រូវព្យួរ និងបង្គាប់សងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន ៤លានរៀល ក្រោមការចោទប្រកាន់ពីបទៈ ផ្ដល់សក្ខីកម្មក្លែង៕