ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ក្មេងប្រុសម្នាក់ដើរបាត់ពីផ្ទះ តែក្រោយមកត្រូវគេរកឃើញស្លាប់ក្នុងទឹកស្រះខាងត្បូងផ្ទះចម្ងាយ២០ម៉ែត្រ នៅភូមិវាំង ឃុំកូប ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា៖ ក្មេងរងគ្រោះឈ្មោះ ណុប សុហាន អាយុ៦ឆ្នាំ ភេទប្រុស ឪពុកម្តាយធ្វើចំណាកស្រុកទៅប្រទេសថៃ រស់នៅជាមួយយាយតា នៅភូមិវាំង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឈ្មោះ នៅ ពៅ អាយុ៥៧ឆ្នាំ ត្រូវជាជីដូនបានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរទៅលេងផ្ទះអ្នកជិតខាង ហើយត្រឡប់មកផ្ទះវិញពុំឃើញចៅប្រុសក៏ដើរទៅរកឯស្រះ ឃើញមួកអណ្តែកក្នុងស្រះនិងស្បែកជើងនៅមាត់ស្រះ។ ដោយមានការសង្ស័យក៏បានហៅតា ហុង ភិន ត្រូវជាប្តីគាត់ឱ្យចុះរាវរកនៅក្នុងស្រះក៏ប្រទះឃើញចៅរបស់គាត់លង់ទឹក រួចស្រង់យកទៅមណ្ឌលសុខភាពកូបនៅជិតនោះ ពេលយកទៅដល់លោកគ្រូពេទ្យប្រាប់ថា ចៅរបស់គាត់បានស្លាប់បាត់ទៅហើយ។
នគរបាលបានបញ្ជាក់ទៀតថា៖ ឆ្លងតាមការត្រួតពិនិត្យសពដែលមានសមាសភាពកម្លាំងនគរបាលជំនាញ កម្លាំងនគរបាលប៉ុស្តិ៍ លោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិព្រមទាំងយាយតា របស់សពបានសន្និដ្ឋានថា កុមារាឈ្មោះ ណុប សុហានពិតជាលង់ទឹកស្លាប់ប្រាកដមែន មិនពាក់ព័ន្ធរឿងឃាតកម្មទេ ។ ក្រោយពីពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះអាល័យជាទីបំផុត ៕