2023-07-26 08:57
362


ខេត្តកំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ប្រកាសថា ក្រុមការងារបច្ចេកទេសវារីអគ្គិសនីកំចាយនឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីរំដោះទឹកចេញពីទំនប់។


   ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្ត ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមាន កម្ពស់ខ្ពស់។ តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនី កំចាយ ទឹកក្នុងអាងទំនប់នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ មានកម្ពស់ ១៤៨២៦ ម៉ែត្រ ហើយទឹកហូរចូលអាង មានចំនួន ៤៣៧.៤៣ ម៣/វិនាទី។
   ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ វេលា ១០:០០ ព្រឹក ដើម្បីរំដោះទឹកចេញពីទំនប់។ 
ចំពោះការបើកទ្វារទឹកនឹងធ្វើឱ្យស្ថានភាពទឹកព្រែកកើនកម្ពស់ លើសពីថ្ងៃធម្មតា។ អាស្រ័យដូចនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់៕