ខេត្តប៉ៃលិន៖ ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស តែងតែរៀបចំការបោះឆ្នោតជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាក់ស្តែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក៍ដូចជាប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលគ្រប់អាយុត្រូវបោះឆ្នោត ពិតជាបាននាំគ្នាទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ យ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អ ។
ក្នុងន័យនេះ ការបោះឆ្នោត គឺជាយន្តការសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ ពីព្រោះតាមរយៈការបោះឆ្នោតនេះហើយ ដែលប្រជាពលរដ្ឋអាចបង្ហាញនូវឆន្ទៈពិតប្រាកដរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យមួយនេះ ត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួននៅរៀងរាល់ការបោះឆ្នោត មិនថាថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋាននោះឡើយ ដូច្នេះការបោះឆ្នោតថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ និងមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបានការរីកចម្រើនទៅមុខបន្ថែមទៀត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងបរិយាកាសយ៉ាងល្អប្រសើរ ដោយសុខសន្តិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ដែលប្រការនេះ គឺផ្ទុយស្រឡះពីមជ្ឈដ្ឋានខ្លះ ដែលមានបំណងចង់បំផ្លាញ និងបង្ខូចកិត្យានុភាពនៃការបោះឆ្នោតនេះ ដោយសារតែការបាត់បង់សិទ្ធ ក្នុងការចូលរួមប្រកួតប្រជែង ។
ពីមួយឆ្នាំទៅមួយឆ្នាំ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក៍កាន់តែមានភាពចាស់ទុំ និងរឹងមាំជាលំដាប់ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ កាលពីឆ្នាំ២០១៨ កន្លងទៅ មានពលរដ្ឋជាង ៨៣% បានចូលរួម ដែលជាអត្រាដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ពោលគឺខ្ពស់ជាងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿនមួយចំនួនទៀតផង។ លើសពីនេះ ប្រជាពលរដ្ឋខ្មែរ ក៍សប្បាយរីករាយនឹងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការស្តារ និងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនគ្រប់វិស័យ ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជា ទាំងនេះគឺជាលទ្ធផលនៃការអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ផ្តល់ក្តីទុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ជាពិសេសជំនឿជឿជាក់នៅទូទាំងប្រទេស ចំពោះជោគជ័យ នៃនយោបាយវ៉ាក់សាំង ដែលជាមូលដ្ធានគ្រិះដ៏សំខាន់បំផុត និងមិនអាចខ្វះបាន ដែលធានា និងរក្សាបាននូវសិទ្ធរស់រានមានជីវិតរបស់ប្រជាពលរដ្ធជាម្ចាស់ឆ្នោត ហើយដែលអនុញ្ញាតអោយកម្ពុជា អាចបន្តដំណើរការបាននូវប្រជាធិបតេយ្យនីយកម្ម។
បើយោងតាមរបាយការណ៍របស់លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន ១០ ចូលរួមប្រកួតប្រជែង គឺមាន៖ (គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សស្ត្រីដើម្បីស្ត្រី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច ,គណបក្សធម្មាធិបតេយ្យ , គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា) ដោយមានការិយាល័យបោះឆ្នោតចំនួន ១២២ការិយាល័យ ក្នុងនោះប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និងមានអ្នកសង្កេតការណ៍សរុបចំនួន ៤១៧នាក់ ស្រី ២២៧នាក់ មកពី ៨ស្ថាប័ន ៕ដ,ស សារឿន