2023-07-26 18:14
341


(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទើបតែបានបំបែកសំណុំរឿងដ៏ស្មុគស្មាញមួយ ពាក់ព័ន្ធការបោកប្រាស់ក្មេងស្រីជនជាតិចិនម្នាក់ ដែលកំពុងសិក្សានៅប្រទេសជប៉ុន ដើម្បីឲ្យមកប្រទេសកម្ពុជា រួចឧក្រិដ្ឋជនបង្គាប់ឲ្យក្មេងស្រីនោះ ថតវីដេអូដោយខ្លួនឯង ហើយបញ្ជូនឲ្យពួកគេដើម្បីពួកគេបញ្ជូនបន្ដទៅក្រុមគ្រួសារជនរងគ្រោះ ជំរិតទារប្រាក់ប្រមាណ ១.៤លានដុល្លារ។


ប៉ុន្ដែការពិតក្មេងស្រីរងគ្រោះមិនត្រូវបានឧក្រិដ្ឋជនចាប់ជំរិតនោះទេ ពោលទាំងស្ដ្រីរងគ្រោះ និងឧក្រិដ្ឋជនមិនបានជួបគ្នាឡើយ ហើយក៏កាន់តែមិនដឹងទៀតថា ឧក្រិដ្ឋជនមានមូលដ្ឋាននៅទីណានោះដែរ ដោយគ្រាន់តែទំនាក់ ទំនងតាមទូរស័ព្ទប៉ុណ្ណោះ។ ដើមហេតុនៃរឿងរ៉ាវនេះ ដោយសារឧក្រិដ្ឋជនបានទំនាក់ទំនងតាមឆាតទៅកាន់ស្ដ្រីរងគ្រោះ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបោកប្រាស់ស្ដ្រីរងគ្រោះថា នាងជាប់ពាក់ព័ន្ធករណីឆបោកប្រាក់។
ពេលនោះ ឧក្រិដ្ឋជនបានបង្គាប់បញ្ជាជាបន្ដបន្ទាប់ឲ្យនាងរងគ្រោះធ្វើតាមពួកគេ ដើម្បីអាចរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវរក្សាការសម្ងាត់ជានិច្ចសូម្បីតែក្រុមគ្រួសារក៏មិនអនុញ្ញាតឲ្យប្រាប់ដែរ។ ក្រោយមក ឧក្រិដ្ឋជនបង្គាប់ឲ្យនារីរងគ្រោះ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង រួចឲ្យនាងថតវីដេអូដោយខ្លួនឯង សម្ដែងដូចគេចាប់ជំរិត ហើយបញ្ជូនវីដេអូនោះទៅក្រុមឧក្រិដ្ឋជន។
នៅពេលទទួលបានវីដេអូរបស់នារីរងគ្រោះហើយនោះ ឧក្រិដ្ឋជនបានបញ្ជូនបន្ដទៅគ្រួសារនាង ដើម្បីជំរិតទារប្រាក់ចំនួន ២០០លានយ៉េន (ប្រមាណ១.៤លានដុល្លារ) បន្ទាប់មកមានការចរចាតម្លៃត្រឹម ៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ)។ ពេលនោះហើយទើបគ្រួសាររបស់នារីរងគ្រោះដែលនៅប្រទេសជប៉ុន បានប្ដឹងចូលមកកាន់ហ្វេសបុកផេក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ក្រុមការងារ Hotline ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីប្រតិបត្តិការបំបែកសំណុំរឿងនេះ រហូតឈានដល់ការរកឃើញនារីរងគ្រោះ នៅក្នុងសណ្ឋាគារធំមួយក្នុងរាជធានីភ្នំពេញតែម្នាក់ឯង ហើយមិនមានអ្នកណាចាប់ជំរិតនោះឡើយ។
តាមរយៈសន្និសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា សមាជិកក្រុមការងារ Hotline ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នគរបាលជាតិកម្ពុជា បានទទួលព័ត៌មានតាមរយៈ គេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានស្ត្រីម្នាក់ឈ្មោះ YI ជាជនជាតិចិនរស់នៅប្រទេសជប៉ុន បានស្នើសុំសមត្ថកិច្ចកម្ពុជា ឲ្យជួយអន្តរាគមន៍ស្វែងរក និងសង្គ្រោះកូនស្រីរបស់គាត់ឈ្មោះ LAN អាយុ ១៩ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យក្នុងប្រទេសជប៉ុន ថាកំពុងត្រូវបានរងការចាប់ជំរិតនៅកម្ពុជា។


ការប្ដឹងស្នើសុំកិច្ចអន្តរាគមន៍ស្វែងរក និងសង្គ្រោះនេះ គឺធ្វើឡើងបន្ទាប់ពីស្ត្រីជាម្ដាយ បានបាត់ទំនាក់ទំនងជាមួយកូនស្រីរបស់គាត់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ហើយបន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណបានខលទូរស័ព្ទប្រាប់ថា កូនស្រីគាត់កំពុងស្ថិតក្នុងដៃរបស់ពួកគេនៅប្រទេសកម្ពុជា អមជាមួយរូបថត និងវីដេអូ ហើយបានជំរិតទារប្រាក់ ២០០លានយ៉េន (ប្រមាណ ១.៤លានដុល្លារ) បន្ទាប់មកមានការចរចាតម្លៃត្រឹម ៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ)។
ក្រោយទទួលបានប្ដឹងរបស់ស្ត្រីជាម្ដាយខាងលើ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការគ្នាស្រាវជ្រាវ ហើយជាលទ្ធផលបានស្វែងរកឃើញក្មេងស្រី នៅទីតាំងសណ្ឋាគារមួយកន្លែង ដោយស្នាក់នៅម្នាក់ឯង និងពុំមានស្ថានភាពរងគ្រោះនៃអំពីចាប់ជម្រិតអ្វីឡើយ។
តាមការសាកសួរដោយសមត្ថកិច្ច ក្មេងស្រីនេះបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានខលចូលប្រាប់ថា គេជាសមត្ថកិច្ចនគរបាលនៃប្រទេសចិន កំពុងស៊ើបអង្កេត បទល្មើសលើនាង ព្រោះសមត្ថកិច្ចចាប់បានជនល្មើសម្នាក់ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ហើយប្រាក់ដែលឆបោកនោះ ត្រូវបានដាក់នៅក្នុងគណនីរបស់ក្មេងស្រីរូបនេះ។ នាងត្រូវបានគេគំរាមឲ្យរក្សាការសម្ងាត់ ដោយមិនត្រូវប្រាប់នរណាម្នាក់ឡើយ និងត្រូវសហការធ្វើតាមការណែនាំនានា បើពុំនោះទេនឹងត្រូវចាប់ខ្លួន ហើយមានបញ្ហាដល់គ្រួសារទាំងមូលតែម្ដង។
ក្មេងស្រីនេះត្រូវបានជនល្មើសណែនាំឲ្យធ្វើតាមមួយចំនួនរួមមាន៖
* ផ្ដល់គណនីបណ្ដាញទំនាក់ទំនង LINE ដែលប្រើក្នុងការទំនាក់ទំនងជាមួយម្ដាយឲ្យទៅពួកគេ ហើយគណនីនេះក្រោយមកត្រូវបានជនល្មើសប្រើបញ្ជូនរូបថត វីដេអូ និងជំរិតទារប្រាក់ពីស្ត្រីជាម្ដាយ
* រាល់ទំនាក់ទំនងជាមួយពួកគេ ត្រូវធ្វើតាមប្រព័ន្ធ YiChat (បណ្ដាញទំនាក់ទំនងគ្មានការគ្រប់គ្រងច្បាស់លាស់) ហើយត្រូវលុបសារទាក់ទងចោលរៀងរាល់ថ្ងៃ
* ឲ្យធ្វើការវេរប្រាក់ទាំងអស់ក្នុងគណនីចេញទៅឲ្យពួកគេ ដោយអះអាងថា ដើម្បីពិនិត្យភាពត្រឹមត្រូវ ហើយក្មេងស្រីរូបនេះបានវេរប្រាក់អស់ចំនួន ៧៥ម៉ឹនយ៉េន (ប្រមាណ ៥ពាន់ដុល្លារ)
* តម្រូវឲ្យនាងរកលុយបន្ថែម ៥លានយ៉េន (ប្រមាណ ៣ម៉ឺន ៥ពាន់ដុល្លារ) ដើម្បីដាក់ក្នុងគណនីហើយផ្ទេរទៅឲ្យពួកគេ ដើម្បីផ្ទៀងផ្ទាល់ភាពស្អាតស្អំ និងបញ្ចប់បញ្ហា
* ដោយសារមិនអាចរកប្រាក់តាមកំណត់បាន ជនល្មើសបានណែនាំឲ្យនាងធ្វើដំណើរមកកម្ពុជា ដោយរកកន្លែងស្នាក់នៅ ទិញថ្នាំលាបក្រចក (ពណ៌ក្រហម) កន្ត្រៃ ស្គុតរុំ រួចគូសធ្វើស្លាកស្នាមរងរបួស បន្ទាប់មករៀបចំថតវីដេអូដោយខ្លួនឯង សម្ដែងជាសកម្មភាពរងការបង្ខាំងចាប់ជំរិត ហើយបញ្ជូនវីដេអូទាំងនោះឲ្យទៅពួកគេដែលជាជនល្មើស។
បន្ទាប់ពីរកឃើញនារីរងគ្រោះហើយនោះ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់នាងដែលរស់នៅប្រទេសជប៉ុន ដើម្បីមកទទួលកូនរបស់ខ្លួនត្រឡប់ទៅវិញ ដោយអះអាងថា នាងមិនត្រូវបានគេចាប់ជំរិត នៅប្រទេសកម្ពុជានោះឡើយ។ បច្ចុប្បន្នក្រោយបញ្ចប់ការងារជំនាញតាមនីតិវិធី សមត្ថកិច្ចបានប្រគល់នាងទៅគ្រួសារវិញ ហើយក៏បានចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ៕