សៀមរាប៖ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនសំណុំរឿង និងជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីលួច និងប្រើអំពើហិង្សាលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។
នគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០៥នាទី ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច (ប្រើប្រាស់អំពើហិង្សា កាប់ដោយកាំបិតខ្វែវ) នៅចំណុចស្ថិតក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នគរបាលបានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ HUANG RAO ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន របួសធ្ងន់ បច្ចុប្បន្នស្នាក់នៅ និងធ្វើការនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វ៉ាន់ វេន ហៅ វិន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅ ភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនសង្ស័យខាងលើបានសារភាពចំពោះមុខសមត្ថកិច្ច ថា “រូបគេពិតជាបានធ្វើសកម្មភាព លួចខ្សែភ្លើង និងប្រើប្រាស់អំពើហិង្សាដោយយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន”។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕