កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព" ស្ថិតក្នុងសមត្ថ
កិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ សម្រាប់ខេត្តរតនគិរី។ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអានរបាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយរបាយការណ៍បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ អនុវត្តផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ដោយប្រែក្លាយខ្លួនពី អ្នកគ្រប់គ្រង ទៅជា អ្នកផ្តល់សេវា ប្រកបដោយសីលធម៌វិជ្ជាជីវៈ ផ្ដោតលើចំណុចមួយចំនួន រួមមាន៖
១.ភាពងាយស្រួលក្នុងការយកសេវាទៅប្រើប្រាស់
២.ភាពគួរសម រួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់សេវា
៣.ការផ្ដល់ចម្លើយងាយយល់នៅក្នុងថេរវេលាដែលបានកំណត់ជាមុន
៤.ការផ្តល់ការបំភ្លឺរាល់ការទាមទាររបស់អ្នកប្រើប្រាស់សេវា។របាយការណ៍ក៏បានលើកឡើងផងដែរ គោលនយោបាយភូមិឃុំមានសុវត្ថិភាពស្តីពីលក្ខណៈសម្បត្តិទី២ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ក្នុងនោះបទល្មើសកើតឡើងចំនួន ១០០លើក ពាក់ព័ន្ធលក្ខណៈសម្បត្តិ ៧ចំណុច របស់ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កម្លាំងបង្ក្រាបបាន ៩៧លើក ស្មើនឹង ៩៧% ឃាត់ខ្លួនជនសង្ស័យចំនួន៣៧៨នាក់ ក្នុងនោះមាន៖
-បទល្មើសព្រហ្មទណ្ឌ កើតឡើង ២២លើក ធៀបនិងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១លើក បង្ក្រាបបាន ១៩លើក ឃាត់ខ្លួនជនសង្ស័យ ២៩មុខសញ្ញា។
-គ្រឿងញៀន បង្ក្រាបបាន ៦០លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ការបង្ក្រាបកើនឡើង ៣៣លើក ឃាត់ខ្លួនជនសង្ស័យ ៣០៧មុខសញ្ញា។
-ល្បែងស៊ីសង កើតឡើង ២លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ កើន ២លើក បង្ក្រាបបាន ២លើក ឃាត់ខ្លួនជនសង្ស័យ ៨នាក់។
ដោយឡែកលក្ខណៈសម្បត្តិទី៣ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖
-គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២៦លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ថយចុះ ១៤លើក បណ្តាលអោយមនុស្សស្លាប់ ២៤នាក់ របួសធ្ងន់-ស្រាល ៥១នាក់ បានចុះបាញ់ល្បឿន ៤៦លើក និងចុះពិនិត្យជាតិអាកុលពេលយប់ចំនួន ៥លើក។ ទន្ទឹមគ្នានេះអាជ្ញាធរមានសមត្ថកិច្ចពាក់ ព័ន្ធបានចុះត្រួតពិនិត្យយានយន្តធ្វើដំណើតាមដងផ្លូវសរុបបានចំនួន ២.១០៩គ្រឿង ក្នុងនោះ អប់រំ ១១២គ្រឿង ពិន័យ ១៧គ្រឿង និងបានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគបានចំនួន ៥០លើក មានអ្នកចូលរួមចំនួន ២.៨៥៧នាក់។មានប្រសាសន៍បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តរតនគិរីនាឱកាសនេះ ឯកឧត្តម ប៉ាវ ហមផាន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកន្លងមករបស់រដ្ឋបាលខេត្តរតនគិរី។ឯកឧត្តម រដ្ឋលេខាធិការបានជំរុញអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់លើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋានរួមមាន ការអប់រំ សុខាភិបាល ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងសេវាសាធារណៈចាំបាច់ដទៃទៀតដែល ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។ ត្រូវខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអោយអស់ពីលទ្ធភាព និង ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងយក ចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ពាក់ព័ន្ធ និងផលប៉ះពាល់នានាដែលបណ្ដាលមកពីបទ ល្មើសគ្រប់ប្រភេទ ជាពិសេសអំពើលួច ឆក់ ប្លន់ ចាប់ជំរិតយកប្រាក់ ការប្រើប្រាស់អាវុធខុសច្បាប់ និង ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដែលតែងតែកើតមានឡើង នៅតាមភូមិ ឃុំ សង្កាត់។
បន្តចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ឱ្យបានជាអតិបរិមានូវការចរាចរ ចែកចាយ ការជួញដូរ និងការប្រើប្រាស់គ្រឿង
ញៀនខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃ សារធាតុញៀនគ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាមភូមិ ឃុំ សង្កាត់។
ត្រូវជំរុញឱ្យមានការបំផុសចលនាចូលរួមសហការគាំទ្រពីវិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ពង្រឹងប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន និងលើក កម្ពស់កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានយន្តការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំក៏មានការឡើងធ្វើបទអន្តរាគមន៍ពីសំណាក់ លោក ស្នងការរងនគរបាលខេត្តពាក់ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ដោយឡែកលោកអភិបាលស្រុកវើនសៃ ក៏បានលើកឡើងផងដែរពី ចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលស្រុកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយបានពង្រឹងប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន និងលើក កម្ពស់កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានយន្តការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ទាក់ទងនិងការគ្រប់គ្រងបរិស្ថាន ប្រធានមន្ទីរបរិស្ថាន ក៏បានធ្វីបទអន្តរាគមន៍ ផងដែរ ដោយមន្ទីរបានខិតខំប្រឹងប្រែងគ្រប់គ្រងសម្រាម កាកសំណល់រឹង រាវ បានយ៉ាងល្អប្រសើរក្រោមការដឹងនាំរបស់ឯកឧត្តម អភិបាលខេត្តដោយបានដាក់ចេញនូវយន្តការអោយមន្រ្តីរាជការធ្វើជាគំរូ៕