ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបង្ហាញមុខក្រុមចោរជំនាញខាងកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុយ៉ាងសកម្ម បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា មានករណីអំពើលួច (កាច់សោករម៉ូតូ០១គ្រឿង) មួយកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត ស្ថិតនៅចំណុច បន្ទប់ជួល ក្រុមទី ៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ភ្នំប៉ាក់ពេីក) បង្កឡេីងដោយជនសង្ស័យចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាព ចូលលួចម៉ូតូ០១គ្រឿង ម៉ាកសេ ១២៥ ពណ៌ ខ្មៅ សេរី ២០២០ មានលេខតួនិងលេខម៉ាសុីន 5645662 ពាក់ផ្លាកលេខ ព្រះសីហនុ 1I-5769 ដែលជនរងគ្រោះ បានចតទុកខាងក្រោមបន្ទប់ជួល រួចឡេីងទៅសំរាកក្នុងបន្ទប់បាត់ លុះស្អែកឡេីងពេលព្រឹក វេលាម៉ោង ០៧:០០នាទី ពេលភ្ញាក់ពីដេក ជនរងគ្រោះបាន ចុះមកក្រោមរកម៉ូតូជិះទៅទិញអីហូប ស្រាប់តែបាត់ម៉ូតូរកមិនឃើញ ទើបជនរងគ្រោះ ទៅប្តឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ សល់ សុវណ្ណា រួចមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាបាន និងដោយមានការសហការពីអធិការដ្ឋាននគរបាលស្រុកស្រែអំបល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ព្រមទាំងមានការសម្របសម្រួល ពីលោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ជីវ ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅចំណុច ភូមិត្រពាំង ឃុំ-ស្រុកស្រែអំបិល ខេត្តកោះកុង ប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី ។
បន្ទាប់ពីបានធ្វេីការសាកសួរលេីឈ្មោះ សុខ ជីវ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបន្តស្រាវជ្រាវ ឃាត់ខ្លួន បក្ខពួកជនសង្ស័យ ជាបន្តបន្ទាប់ចំនួន០២ទៀត ឈ្មោះ ពេជ្រ ភក្រ្ត ភេទប្រុស អាយុ ២០ឆ្នាំ នៅចំណុចម្តុំផ្សារក្តាម សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងឈ្មោះ វ៉ាង ចំរេីន ភេទ ប្រុស អាយុ ២០ឆ្នាំ នៅចំណុចបន្ទប់ជួល ភ្នំខៀវលើ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងចាត់ការតាមនីតិវិធី ។
ចំណែកសម្ភារៈវត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ ខ្មៅ គ្មានកាបាំង និងផ្លាកលេខ លេខតួ+ម៉ាស៉ីនៈ5645662(ផលនៃអំពើលួច) ។
-ផ្លាកលេខម៉ូតូចំនួន ០១បន្ទះ លេខព្រះសីហនុ 1I-5769 (ដាច់រហែក) ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០៣នាក់ ខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ម៉ាកខាងលើរបស់ជនរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យ ចំនួន០៣ខាងលើនេះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕