(កណ្ដាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលដាក់លូ និងការរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត និង បំពាក់អំពូល និងបង្គោលភ្លើងបំភ្លឺ ត្រូវពន្លឿនការសាងសង់ ឲ្យបានទាន់ពេលវេលាតាមការកំណត់ និងត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេសឲ្យបានល្អ ដើម្បីធានាថាប្រើប្រាស់បានយូរអង្វែង។
លោក ហាក់ សុខមករា បានជំរុញបែបនេះ ក្នុងឱកាសដែល លោកបានអញ្ជើញចុះពិនិត្យការងារដាក់លូ ការងាររៀបខឿន និងការរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត និងបង្គោលភ្លើង នៅលើចិញ្ចើមផ្លូវចាប់ពីខ្លោងទ្វារ ចូលតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ប្រវែង២,៦៦០ម៉ែត្រ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
ការងារជួសជុលនេះរួមមាន៖ ការងារដាក់លូមូលមុខកាត់ ០.៨ម៉ែត្រ, ការងារដាក់រ៉ឺហ្គាលូមូលមុខកាត់០.៨ម៉ែត្រ, ការងារដាក់លូមូលមុខកាត់១.៥ម៉ែត្រ ចំនួន ២ជួរ កាត់ទទឹងផ្លូវ និងធ្វើមាត់ឈ្នៀង, ការងារពង្រីកចិញ្ចើម, ជួសជុលគ្រឹះផ្លូវ, អ៊ុតកៅស៊ូ AC កម្រាស់ ៥cm និងការងារអ៊ុតគំនូសសញ្ញាចរាចរណ៍ ការងារដំឡើងស្លាកសញ្ញាចរាចរណ៍។
ការងារចាក់បេតុងធ្វើជាទរ ទឹកភ្លៀងដែលមានទទឹង ០.៧ម៉ែត្រ, ការងាររៀបអណ្តូងលូទឹកភ្លៀង, ការងាររៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតដែលមានទទឹង ៤ម៉ែត្រ និងការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវកំពស់ ៨ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុង ឃុំផ្សារដែក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ជាលទ្ធផលសំរេចបានសរុបជារួម ៥០% នៃផែនការ៕